ស៊ីរី ៖ កងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយជនជាតិឃើដបានដកខ្លួនចេញទាំងស្រុងពីទីក្រុងដែលព័ទ្ធជុំវិញដោយតួកគីនៅភាគខាងជើងប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យនៅក្នុងអ្វីដែលហាក់ដូចជាការចាប់ផ្តើមនៃការដកទ័ពដ៏ទូលំទូលាយក្រោមកិច្ចព្រមព្រៀងឈប់បាញ់មួយ។
ទីក្រុងអង់ការ៉ាបានបើកការវាយប្រហារឆ្លងកាត់ព្រំដែនប្រឆាំងនឹងកងកម្លាំងឃើដរបស់ប្រទេសស៊ីរីកាលពីថ្ងៃទី៩ ខែតុលា បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសដកកងទ័ពចេញពីភាគខាងជើងប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ។
បទឈប់បាញ់មួយដែលសម្របសម្រួលដោយអាមេរិកត្រូវបានប្រកាសកាលពីល្ងាចថ្ងៃព្រហស្បតិ៍ដោយទុកពេលឲ្យកងកម្លាំងឃើដដល់ល្ងាចថ្ងៃអង្គារដើម្បីដកខ្លួនចេញពីតំបន់ទ្រនាប់មួយដែលទីក្រុងអង់ការ៉ាចង់បង្កើតលើទឹកដីស៊ីរីតាមបណ្តោយព្រំដែនភាគខាងត្បូងរបស់ខ្លួន។
កិច្ចព្រមព្រៀងនេះតម្រូវឲ្យកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដកខ្លួនចេញពីតំបន់ព្រំដែនដែលលាតសន្ធឹងចម្ងាយ៣២គីឡូម៉ែត្រចូលជ្រៅទៅក្នុងទឹកដីស៊ីរី។ កងកម្លាំងឃើដបានយល់ព្រមដកទ័ពចេញពីតំបន់ព្រំដែនចាប់ពី Tal Abyad ទៅដល់ Ras al-Ain ដែលមានចម្ងាយប្រហែល១២០គីឡូម៉ែត្រ។ ប៉ុន្តែទីបំផុតតួកគីចង់ឲ្យមាន “តំបន់សុវត្ថិភាព” ដែលវែងជាងនេះដើម្បីលាតសន្ធឹងដល់ចម្ងាយ៤៤០គីឡូម៉ែត្រតាមបណ្តោយព្រំដែន។
កាលពីថ្ងៃសៅរ៍ មេបញ្ជាការ SDF លោក Mazloum Abdi បាននិយាយថា កងកម្លាំងឃើដនឹងដកខ្លួនចេញពីតំបន់ចម្ងាយ១២០គីឡូម៉ែត្រភ្លាមៗនៅពេលពួកគេត្រូវបានអនុញ្ញាតឲ្យចាកចេញពីតំបន់ Ras al-Ain ដែលត្រូវបានឡោមព័ទ្ធដោយកងទ័ពតួកគី។ ក្រោយមក SDF បាននិយាយថា យុទ្ធជនរបស់ខ្លួនបានជម្លៀសចេញពីទីក្រុងព្រំដែនដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់បន្ទាប់ពីក្រសួងការពារជាតិតួកគីបានបញ្ជាក់ថា ពួកគេបានចាកចេញ៕