ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអំពាវនាវឲ្យអ្នកនាំពាក្យតាមក្រសួង ស្ថាប័នទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះករណីនេះ ហើយសហការគ្នាឆ្លើយតប និងទប់ស្កាត់ព័ត៌មានប្រឌិតទាំងអស់នេះឲ្យមានប្រសិទ្ធភាព។ ការអំពាវនាវរបស់លោករដ្ឋមន្រ្តីបែបនេះ នៅក្នុងពិធីបិទសិក្ខាសាលាស្តីពី អភិបាលកិច្ចល្អនៅក្នុងបរិបទលំហូរព័ត៌មាន នាយុគសម័យបច្ចេកវិទ្យាឌីជីថល កាលពីល្ងាចថ្ងៃទី២២ ខែតុលា នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ជាមួយគ្នានោះលោករដ្ឋមន្រ្តីក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព័ត៌មានក្លែងក្លាយដែលបាននិងកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ។ លោកថា អ្វីដែលគួរឲ្យបារម្ភបំផុតនោះ គឺការបំលែងព័ត៌មានពិត ទៅជារឿងផ្សេងៗទៀតដែលបង្កឲ្យមានភាពចលាចល ឬ បង្ខូចកិត្តិយសអ្នកផ្សេងជាដើម។
លោក ខៀវ កាញារីទ្ធ បានប្រសាសន៍ថា “ព័ត៌មានដែលគ្រោះថ្នាក់បំផុតនោះ គឺព័ត៌មានពិត ប៉ុន្តែគេបំលែងរឿងពិតនោះទៅជារឿងផ្សេង”។
លោក ខៀវ កាញារីទ្ធ បានលើកជាឧទាហរណ៍ករណីឡានពេទ្យឆ្លងកាត់ក្បួនដែលត្រូវនគរបាលឃាត់នោះថា “មែនទែនទៅ គេឲ្យអាទិភាពឡានពេទ្យ ប៉ុន្តែមិនអាចគេចផុតអំពីក្បួនខ្ពស់ នៃការការពារសុវត្ថិភាពខ្ពស់បំផុត ប៉ុន្តែទីបំផុតរឿងឡានពេទ្យនេះ គេទាញរឿងនេះក្លាយជារឿងខុសនោះគឺ រាជរដ្ឋាភិបាលមើលងាយជីវិតប្រជាជន”។ លោកបន្តថា នេះជាព័ត៌មានគ្រោះថ្នាក់បំផុត៕