ភ្នំពេញ៖នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥នេះ ក្លឹបអ្នកកាសែតកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ចំហមួយដោយអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន រួមទាំងតំណាងរាស្ត្រ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ឲ្យយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ និងប្រុងប្រយ័ត្នក្នុងការបញ្ចេញអាកប្បកិរិយា ឬពាក្យសំដី ដែលនាំឲ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់អ្នកសារព័ត៌មាន។
សេចក្តីថ្លែងការណ៍របស់ក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃនេះ បានធ្វើឡើង មួយថ្ងៃ បន្ទាប់ពីលោក ឈាង វុន តំណាងរាស្ត្រ និងជាអ្នកនាំពាក្យរដ្ឋសភា បានបណ្តេញអ្នកសារព័ត៌មានចេញពីបរិវេណរដ្ឋសភា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ ដោយរួមទាំងប្រើពាក្យសំដី និងឥរិយាបថខុសពីប្រក្រតី ក្នុងនាមជាមន្ត្រីស្ថាប័នកំពូលរបស់ជាតិ ទៅកាន់អ្នកសារព័ត៌មាន ដែលកំពុងបំពេញបេសកកម្មតាមវិជ្ជាជីវៈ៕