ហុងកុង ៖ ទីបំផុតសភាហុងកុង នៅថ្ងៃពុធម្សិលមិញបានសម្រេចលុបចោលសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស់ ស្ដីពីការធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោកជាផ្លូវការហើយ បើទោះជាបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅតែបន្តធ្វើបាតុកម្មតវ៉ា ក៏ដោយ។ នេះបើតាមសារព័ត៌មាន BBC។
សេចក្ដីព្រាងច្បាប់ខាងលើ ដែលមានគោលដៅធ្វើបត្យាប័នជនសង្ស័យពាក់ព័ន្ធនឹងបទឧក្រិដ្ឋណាមួយ ទៅកាត់ទោស នៅចិនដីគោក បានបង្កការខឹងសម្បាររហូតផ្ទុះជាបាតុកម្មប្រឆាំងរដ្ឋាភិបាលទីក្រុងហុងកុង កាលពីខែមេសា កន្លងទៅ មកទល់ពេលបច្ចុប្បន្ន។
បើទោះជាសេចក្ដីព្រាងច្បាប់នេះត្រូវបានលុបចោលទាំងស្រុងក៏ដោយ ក៏ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅតែបន្តធ្វើការតវ៉ាដដែល ដោយពួកគេទាមទារឱ្យអាជ្ញាធរ ឈប់ចាត់ទុកបាតុកម្មរបស់ពួកគេ ថាជាកុបកម្ម, លើកលែងទោសដល់បាតុករដែលត្រូវចាប់ខ្លួនទាំងអស់, បើកការស៊ើបអង្កេតលើករណីប៉ូលិសប្រើហិង្សា លើបាតុករ និងអនុវត្តយ៉ាងពេញនូវច្បាប់បោះឆ្នោតសកល៕