ភ្នំពេញ ៖ កូនស្រីរបស់លោក កឹម សុខា អតីតមេបក្សប្រឆាំងដែលត្រូវបានឃុំខ្លួន និងជាអ្នកនាំពាក្យ របស់អតីតគណបក្សសង្គ្រោះជាតិ បានហៅការសន្យាវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី នៅខែវិច្ឆិកា ខាងមុខនេះថា គ្រាន់តែជា «ការទាក់ទាញចំណាប់អារម្មណ៍របស់មហាជន» តែប៉ុណ្ណោះ ហើយថា ពួកគេ(សម រង្ស៊ី) ចាត់ទុកបណ្តាញព័ត៌មាន និងអ្នកគាំទ្ររបស់ខ្លួនជាមនុស្សល្ងីល្ងើម្តងហើយម្តងទៀត”។
កញ្ញា កឹម មនោវិទ្យា អតីតអគ្គនាយករងផ្នែកកិច្ចការសាធារណៈនៃអតីតគណបក្សសង្គ្រោះជាតិបានថ្លែងកាលពីថ្ងៃអាទិត្យ ទី២០ ខែតុលា ដោយអះអាងថា «គ្មានផែនការពិតប្រាកដសម្រាប់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិណាម្នាក់ ដើម្បីវិលត្រឡប់មកប្រទេសកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា នោះទេ»។
តាមរយៈសារជាអេឡិចត្រូនិច កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា បានសរសេរថា «វាគ្រាន់តែជាការទាក់ទាញចំណាប់អារម្មណ៍ថ្មីមួយទៀត ពីអ្នកដែលមិនបានធ្វើអ្វីសោះក្នុងរយៈពេលពីរឆ្នាំកន្លងទៅ ក្រៅ តែពីបង្កើតរឿងទាក់ទាញចំណាប់អារម្មណ៍ ដើម្បីព័ត៌មានចុះផ្សាយ»។
សារដដែលបន្តថា«ឆាកជីវិតនយោបាយរបស់លោក សម រង្ស៊ី ជាសហស្ថាបនិកគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននោះ គឺចប់អស់ហើយ ដោយសារតែលោកខ្វះការប្តេជ្ញាចិត្ត ធ្វើការសម្រេចចិត្តភ្លាមៗបែបអត្តនោម័ត ហើយសំខាន់ជាងនេះទៅទៀត គឺខ្វះទស្សនៈវិស័យបែបយុទ្ធសាស្ត្រ។ ទាំងនេះបានជួយឲ្យលោក ហ៊ុន សែន បញ្ចប់ឆាកជីវិតនយោបាយរបស់លោក សម រង្ស៊ី រួចទៅហើយ ក៏ដូចជាបានជួយឲ្យលោក ហ៊ុន សែន កាន់អំណាចបន្តទៀត»។
គួររំលឹកថា កញ្ញា មនោវិទ្យា ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំជាន់ខ្ពស់១១៨រូប របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលកម្ពុជា ហាមឃាត់កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេលប្រាំឆ្នាំ នៅបន្ទាប់ពីតុលាការកំពូលកម្ពុជា បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ហើយបន្ទាប់មកទៀតលោក កឹម សុខា ត្រូវបានចាប់ខ្លួនក្នុងភ័ស្តុតាងជាច្រើន និងបានចោទប្រកាន់ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដោយមានការគាំទ្រពីអាមេរិក។ លោក កឹម សុខា ក៏មិនត្រូវបានអនុញ្ញាតឲ្យជួបជាមួយមន្ត្រីសង្គ្រោះជាតិផ្សេង ទៀត រួមទាំងកូនស្រីរបស់លោក គឺកញ្ញា កឹម មនោវិទ្យា ផងដែរ ហើយរហូតមកដល់ពេលនេះ លោកបន្តស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះនៅឡើយ។
ទាក់ទិននឹងការរិះគន់របស់កញ្ញា កឹម មនោវិទ្យា លោក សម រង្ស៊ី និងលោកស្រី មូ សុខហួរ ដែលកំពុងរស់នៅឯបរទេស ហើយបានប្រកាសពីការប្តេជ្ញាវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា នោះ បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញការលើកឡើងរបស់កញ្ញា កឹម មនោវិទ្យា នេះទេ។
ទោះជាយ៉ាងណាក៏ដោយ កញ្ញា មនោវិទ្យា បាននិយាយថា «គួរឲ្យស្តាយ ការចង់ឲ្យមាការទាក់ទាញចំណាប់អារម្មណ៍នេះ បាននាំមកនូវការចាប់ខ្លួនអតីតថ្នាក់ដឹកនាំ CNRP មួយចំនួនក្នុងល្បែងដ៏គ្រោះថ្នាក់នេះ៕