បាងកក ៖ ព្រះបរមរាជវាំងប្រកាសកាលពីថ្ងៃពុធថាព្រះមហាក្សត្រថៃបានបណ្តេញមន្ត្រីវាំងជាន់ខ្ពស់ចំនួន៦រូបដោយសារ “អំពើអាក្រក់” ដែលការបណ្តេញនេះបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីព្រះរាជាបានដកហូតតំណែងទាំងអស់ពីអ្នកម្នាងសម្រាប់“ភាពមិនស្មោះត្រង់”។
ព្រះមហាក្សត្រ Maha Vajiralongkorn បានដកហូតឋានន្តរសក្តិយោធានិងងារពីអ្នកម្នាង Sineenat Wongvajirapakdi ព្រះជន្ម៣៤វស្សាដែលជាអតីតអង្គរក្សរបស់ទ្រង់។ ការបាត់បង់ងារនិងឋានន្តរសក្តិនេះបានកើតឡើងក្នុងរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះបន្ទាប់ពីព្រះអង្គបានប្រទានងារដល់អ្នកម្នាងដែលជាការប្រទានងារជាលើកដំបូងក្នុងរយៈពេលមួយសតវត្សរ៍ដោយព្រះមហាក្សត្រថៃ។
ដោយមានឈ្មោះហៅក្រៅថា “Koi”, អ្នកម្នាង Sineenat ត្រូវបានថ្កោលទោសកាលពីថ្ងៃចន្ទនៅក្នុងព្រះរាជបញ្ជាមួយដែលត្រូវបានផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិដោយសារ “ការធ្វើសកម្មភាពប្រឆាំងនឹងការតែងតាំងព្រះមហាក្សត្រិយានី”។
កាលពីថ្ងៃពុធ មន្ត្រីវាំងជាន់ខ្ពស់ចំនួន៦រូបត្រូវបានបណ្តេញចេញពីតំណែងដោយរួមមានទាំងគិលានុបដ្ឋាយិកាម្នាក់និងពេទ្យសត្វម្នាក់ផងដែរ។ នេះបើយោងតាមសេចក្ដីជូនដំណឹងចំនួនពីរដាច់ដោយឡែកពីគ្នាដែលចេញផ្សាយដោយកាសែតរាជវាំង Royal Gazette។
កាសែតនេះបានចុះផ្សាយថា “ពួកគេបានរំលោភវិន័យធ្ងន់ធ្ងរដោយសារតែអំពើដ៏អាក្រក់របស់គេដោយឆ្លៀតប្រើមុខតំណែងផ្លូវការរបស់គេសម្រាប់ផលប្រយោជន៍អ្នកដទៃឬប្រយោជន៍ផ្ទាល់ខ្លួន”។
គួរបញ្ជាក់ថា រាជវង្សថៃត្រូវបានការពារដោយច្បាប់បរិហារកេរ្តិ៍ដ៏តឹងរ៉ឹងដែលធ្វើឲ្យការពិភាក្សាដោយបើកចំហលើស្ថាប័ននេះសម្រាប់សាធារណជននិងប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាននៅក្នុងប្រទេសគឺមិនអាចទៅរួចទេ៕