ភ្នំពេញ ៖ ថ្លែងកាលពីព្រឹកមិញក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីសម្តេច ហ៊ុន សែន បានលើកឡើងថា ចាប់តាំងពីទទួលបានសិទ្ធិនៅឆ្នាំ២០០២មក ក្រុមហ៊ុនស៊ិនទ្រីមិនទាន់បានបំពេញកាតព្វកិច្ចបម្រើប្រជាពលរដ្ឋឲ្យស្របតាមការរីកចម្រើនរបស់រដ្ឋនោះឡើយ ។
សម្តេចក៏បានប្រកាសដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ិនទ្រីថែមទៀត ខណដែលការដកហូតសិទ្ធិពីក្រុមហ៊ុនស៊ិនទ្រីជារឿងចាំបាច់ ហើយត្រូវដាក់ចេញនូវវិធានការដោះ ស្រាយ ដើម្បីឆ្លើយតបតម្រូវការរបស់ពលរដ្ឋ។
សម្តេចបញ្ជាក់បន្ថែមថា ក្រោយរដ្ឋគ្រប់គ្រងមានស្ថិរភាពហើយរដ្ឋនឹងជ្រើសរើសក្រុម ហ៊ុនចំនួន៤ សម្រាប់ធ្វើការប្រមូលសំរាមក្នុងរាជធានីភ្នំពេញដោយចែកចេញជា៤តំបន់។
ទន្ទឹមនោះប្រមុខរារដ្ឋាភិបាលក៏បានប្រកាសឱ្យដកតម្លៃសំរាមចេញពីវិក្ក័យបត្ររបស់អគ្គិសនីចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០តទៅ ។ សម្តេចថា ការដកតម្លៃសំរាមចេញពីវិក្ក័យ បត្រអគ្គិសនី ជាការវះកាត់ជំងឺរ៉ាំរ៉ៃមួយដែលគ្មានការដោះស្រាយ។ ចំណែកខេត្តដែល មានភ្ជាប់ថ្លៃសំរាមជាមួយវិក្ក័យបត្រអគ្គិសនី ក៏ត្រូវដកចេញដូចគ្នានឹងរាជធានីភ្នំពេញដែរ។
សម្តេច ហ៊ុន សែន ក៏បានប្រគល់ភារកិច្ចឱ្យក្រសួងរ៉ែ និងថាមពល គិតគូរស្វែងរក ការវិនិយោគបង្កើតរោងចក្រអគ្គិសនីដោយការដុតសំរាមនៅទីលានចាក់សំរាម។ ប៉ុន្តែហាម ដាច់ខាតមិនឱ្យមានការនាំចូលសំរាមពីក្រៅប្រទេស ដើម្បីដំណើរការរោងចក្រអគ្គិសនីនេះ ឡើយ៕