រុស្ស៊ី​ចាប់ផ្ដើម​ដាក់ពង្រាយ​យោធា​នៅ​តំបន់​ភាគ​ខាងជើងប្រទេស​​ស៊ី​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 October, 2019 ក+ ក-

ស៊ី​រី​ រុស្ស៊ី​បានចាប់ផ្ដើម​ដាក់ពង្រាយ​យោធា នៅ​តំបន់​ព្រំដែន​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ដើម្បី​អនុវត្តន៍​ភ្លាមៗ​នូវ​កិច្ចព្រមព្រៀង​ជាមួយ​តួ​ក​គី ដែល​នឹង​បែងចែក​ការគ្រប់គ្រង​តំបន់​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​។​

​ជាមួយគ្នា​នោះដែរ​វិមាន​ក្រឹម​ឡាំង ក៏បាន​ព្រមាន​ឲ្យ ក្រុម​សកម្មប្រយុទ្ធ​ឃើ​ត​ឲ្យ​ដកទ័ព​ចេញពី​សមរភូមិ​មុខ បើ​ពុំ​ដូច្នោះ​ទេ​នឹង​ប្រឈម​ជាមួយនឹង​ការ​រុលចូល​របស់​កងកម្លាំង​តួ​ក​គី​។​ ​បញ្ហា​នេះ​ប្រធានាធិបតី​លោក Donald Trump បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​ដកចេញ​ទណ្ឌកម្ម ដែល​បានដាក់​ទៅលើ​ប្រទេស​តួ​ក​គី​កាលពី​រយៈពេល ៩​ថ្ងៃមុន ពាក់ព័ន្ធ​នឹង​ការឈ្លានពាន​របស់​ពួកគេ ទៅលើ​ក្រុម​សកម្មប្រយុទ្ធ​ឃើ​ត​នៅ​ភាគ​ខាងជើង​ស៊ី​រី​។ ​

​គួរ​បញ្ជាក់ថា តួ​ក​គី បាន​បញ្ជា​ឲ្យ​មាន​ប្រតិបត្តិការ ប្រឆាំងនឹង​ក្រុម​ជីវពល​របស់​អង្គភាព​ការពារ​ប្រជាជន​ឃើ​ត ដែល​ពួកគេ​ចាត់ទុកថា​ជា​អង្គការ​ភេរវកម្ម​កាលពី​ថ្ងៃទី​៩ ខែតុលា​កន្លងទៅ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល ការដក​ទ័ព​រប​ស់ស​ហ​រដ្ឋ​អាមេរិក​ត្រូវបាន​ប្រកាស ឲ្យ​ដឹង​ដោយ​លោក Trump៕