អាមេរិក​បង្កើន​កងទ័ព​ដើម្បី​ការពារ​អណ្តូងប្រេង​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 October, 2019 ក+ ក-

អាមេរិក ​៖ សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​នឹង​បង្កើន​វត្តមាន​យោធា​របស់ខ្លួន​ដើម្បី​ការពារ​អណ្តូងប្រេង​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​នៅពេល​កងកម្លាំង​ឃើ​ដ​បាន​បោះបង់ចោល​ទីតាំង​ជាច្រើន​ដើម្បី​គោរព​តាម​កិច្ចព្រមព្រៀង​មួយ​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស អង់កា​រ៉ា​និង​មូ​ស្គូ​បង្កើត​តំបន់​ស្វយ័ត​មួយ​។​

​មន្ត្រី​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​សហរដ្ឋអាមេរិក​បាន​ប្តេជ្ញា​ពង្រឹង​ជំហរ​របស់​យើង​ដោយមាន​ការសម្របសម្រួល​ជាមួយ​ដៃគូ SDF (​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​) របស់​យើង​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​ជាមួយនឹង​កម្លាំងយោធា​ប​ន្ថែ​ម​ទៀត​ដើម្បី​ការពារ​តំបន់​ប្រេង​ទាំងនោះ​ពី​ការធ្លាក់​ចូលទៅក្នុង​ដៃ​របស់​ក្រុម ISIS ឬ​អ្នក​បង្ករឿង​ផ្សេងទៀត​”​។​

​ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​រូបនេះ​មិនបាន​ផ្តល់​តួលេខ​ណាមួយ​ឬ​បញ្ជាក់​អំពី​របាយការណ៍​ដែលថា​កងកម្លាំង​របស់​អាមេរិក​នឹង​ស្ថិតនៅតាម​តំបន់​ប្រេង​ដែល​ធ្លាប់​ផ្តល់​ជា​មូលនិធិ​ដល់ “​រដ្ឋ Caliphate” របស់​ក្រុម​រដ្ឋ​ឥស្លាម​ទេ​។ ការប្រកាស​នេះ​បានធ្វើ​ឡើង​នៅពេល​កងកម្លាំង​រុស្ស៊ី​ចាប់ផ្តើម​ល្បាត​នៅតាម​ព្រំដែន​ស៊ី​រី​-​ទួរគី​ដើម្បី​បំពេញ​ផ្នែក​ទំនេរ​ដែល​បន្សល់ទុក​ដោយ​ការដក​កងទ័ព​របស់​សហរដ្ឋអាមេរិក​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា ការ​ល្បាត​នេះ​គឺ​គ្របដណ្តប់​លើ​ផ្ទៃដី​ជាង​៦០​គីឡូម៉ែត្រ​ចន្លោះ​ទីប្រជុំជន Qamishli និង Amuda​។ ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​បាន​រាយការណ៍​ថា SDF ដែល​ដឹកនាំ​ដោយ​ជនជាតិ​ឃើ​ដ​បាន​ដក​ចេញពី​តំបន់​មួយចំនួន​នៅ​ចុង​ភាគ​ខាងកើត​នៃ​ព្រំដែន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ប្រមុខ​ក្រុម​អង្កេត​ការណ៍​លោក Rami Abdel Rahman បាន​និយាយថា ក្រុម​អ្នក​ប្រយុទ្ធ​មកពី​អង្គភាព​ការពារ​ប្រជាជន​ឃើ​ដ (YPG) ដែលជា​សមាសធាតុ​ដ៏​សំខាន់​របស់ SDF នៅតែ​ស្ថិតក្នុង​ទីតាំង​ជាច្រើន​នៅតាម​បណ្តោយ​ព្រំដែន​ប្រវែង​៤៤០​គីឡូម៉ែត្រ​៕