កម្លាំងចម្រុះឃាត់​ឡាន​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ដឹកឈើ​ប្រណីត​កែច្នៃ មេ ព្រៃ​ដោះលែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 July, 2015 ក+ ក-

​ខេត្ត​ក្រ​ចេះ៖​រថយន្ត​ធុន​ធ្ងន់​មួយគ្រឿង​បិទ​ស្លាក​ស្រា​បៀរ​អង្គរ កាលពី​ល្ងាច​ថ្ងៃ​ទី១ ​ខែកក្កដា ឆ្នាំ​២០១៥ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ត្រួតពិនិត្យ ហើយ​បាន​រកឃើញ​គ្រឿង​សង្ហា​រឹម​ធ្វើ​ពី​ឈើ​ប្រណីត​ជាច្រើន​គ្រឿង​បង្កប់​នៅក្នុង​នោះ​។​

​ព្រឹត្តិការណ៍​ស្ទាក់​ឆែកឆេរ​រថយន្ត​បង្ក​បទល្មើស​ខាងលើនេះ ធ្វើឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ត្រង់ចំណុច​ថ្មបាំង ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដោយបាន​ឃាត់​រថយន្ដ​ដែល​ស្លាក​សញ្ញា​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​មួយគ្រឿង​ដែល​គេ​ច្នៃ​សម្រាប់​ដឹកឈើ​ប្រណីត ឬ​គ្រឿង​សង្ហា​រឹម​ខុសច្បាប់​។​

​មន្ត្រី​សមត្ថកិច្ច​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​បានទទួល​សេចក្តីរាយការណ៍​ថា នៅវេលា​ដូចខាងលើ​នឹងមាន​រថយន្ដ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ផ្ទុក​ឈើ និង​គ្រឿង​សង្ហា​រឹម​ធ្វើ​ឈើ​ប្រណីត ចេញពី​ខេត្តស្ទឹងត្រែង​ឆ្លងកាត់​ខេត្តក្រចេះ​ឆ្ពោះទៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ប្រភព​បន្តថា គ្រឿង​សង្ហា​រឹម​ទាំងនេះ​ជា​របស់​អ្នកស្រី ហេង សំនៀង ហៅ​យាយ​ព្រឿង ជា​ជនជាតិ​វៀតណាម រស់នៅ់​ភូមិ​ថ្មី ស​ង្គា​ត់​ស្ទឹងត្រែង ក្រុង​-​ខេត្តស្ទឹងត្រែង​ដែល​សមត្ថកិច្ច​ជំនាញ និង​អ្នករកស៊ី​ឈើ​គេ​ស្គាល់​យាយ​ព្រឿង ថា​ជា​ថៅកែ​ឈើ​ប្រណីត​ដ៏ ល្បីឈ្មោះ​ប្រចាំ​ភូមិភាគ​ឥ​សាន្ត ជាពិសេស​នៅ​ខេត្តស្ទឹងត្រែង​នេះ​តែម្តង​។​

​មន្ត្រី​ដដែល​បាន​អះអាងថា យាយ​ព្រឿង មាន​សិប្បកម្ម​កែ​ច្នែ​ដ៏​ធំ​មួយកន្លែង​នៅ​ភូមិ​កិ​ច្ចុង សង្កាត់ ព្រះបាត ក្រុង​-​ខេត្តស្ទឹងត្រែង​។​ទីតាំង​សិប្បកម្ម​របស់​យាយ ព្រឿង មិន​ត្រឹមតែ​កែច្នៃ​ឈើ​ប្រណីត​ទេ​តែ​ជា​កន្លែង​លាក់​ស្តុក​ឈើ​ប្រណីត ដើម្បី​នាំចេញ​ទៅ​ស្រុក​យួន និង​បោះ​ម៉ូយ​ក្នុងស្រុក​យ៉ាង​អនាធិបតេយ្យ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណាប​ង្គ្រា​ប​ទ្បើ​យ​។​ប្រភព​បន្តថា មាន​សមត្ថកិច្ច​ជំនាញ​មួយចំនួន​ត្រូវគេ​ដឹងថា បានទទួល​សំណូក ឬ​ដាក់​ខែ​ពី​យាយ​ព្រឿង ។

​សមត្ថកិច្ច​បានបញ្ជាក់ឲ្យ​ដឹងថា កន្លងមក​រថយន្ត​ពាក់​ស្លាក​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​របៀបនេះ គេ​ឃើញ​ដឹកឈើ​ប្រណីត​ជា​ច្រី​ន​លើក​រួចមកហើយ ទើបតែ​ពេលនេះ​ទេ​ដែល​សមត្ថកិច្ច​ចេញ​ឃាត់​ដើម្បី​ត្រួតពិនិត្យ បន្ទាប់​មកក៏​បញ្ជូនទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស​ង្គា​ត់​ថ្មក្រែ ​អនុវត្ត​បន្ត​។​ប៉ុន្តែ​ការត្រួតពិនិត្យ​នេះ​ត្រូវបាន​មេព្រៃ​អះអាងថា​ជាករណីស្របច្បាប់ និង​បានអនុញ្ញាត​ឲ្យ​រថយន្ដ​នោះ​ចេញទៅ​បាត់​។​

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​មាន​ចម្ងល់​ថា តើ​រថយន្ត​ខាងលើនេះ​ជា​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ឬ​ជា​រថយន្ត​របស់​យាយ​ព្រឿង លួច​បិទ​ស្លាក​ក្រុមហ៊ុនស្រា​បៀរ​អង្គរ ឬក៏​អ្នក​ទាំងពីរ​រកស៊ី​ឈើ​ល្មើសច្បាប់​ហ៊ុន​គ្នា ទើប​គេ​ប្រើ​រថយន្ត​ប្រភេទ​នេះ​ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច ? ។​

​មន្ត្រី​មួយរូប​បាន​អះអាងថា ទោះបីជា​យ៉ាងណា​ក៏ដោយចុះ រថយន្ត​បិទ​ស្លាក​ក្រុមហ៊ុនស្រា​បៀរ​អង្គរ គឺជា​ប្រភេទ​រថយន្ត​សម្រាប់តែ​ស្រា​បៀរ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​មានការ​កែច្នៃ​ស៊ីទែន​របស់​រថយន្ត​ដើម្បី​ទុក​ដឹកទំនិញ ដឹកឈើ​ប្រណីត ឬ​គ្រឿង​សង្ហា​រឹម ទោះបីជា​វត្ថុ​ទាំងអស់នោះ​មាន​លិខិតស្នាម​ត្រឹមត្រូវ​ក៏ដោយ ក៏​អាច​ចាត់ទុកថា ជា​ទង្វើ​ខុសច្បាប់​ដែរ ដែល​មិនគួរណា​សមត្ថកិច្ច​ដោះលែង​ទៅវិញ​បែបនេះ​ឡើយ​៕
ដោ​យ៖ណា​តូ​នី​

nbmkjh
njm