ចិន ៖ ក្រសួងការបរទេសចិននៅថ្ងៃចន្ទនេះបានអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមគ្នាដោះស្រាយបញ្ហា ជនអន្តោប្រវេសន៍ខុសច្បាប់បន្ទាប់ពីសាកសពមនុស្សចំនួន៣៩នាក់ត្រូវបានរកឃើញក្នុងទូរកុងទឺន័ររបស់រថយន្តធុនធំមួយគ្រឿងនៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសកាលពីសប្តាហ៍មុន។
មន្ត្រីក្រសួងការបរទេសចិនបាននិយាយថា បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ត្រូវតែរួមគ្នាដោះស្រាយឱ្យបានត្រឹមត្រូវពីគ្រប់ភាគីពាក់ព័ន្ធដើម្បីបង្ការកុំឲ្យសោកនាដកម្មបែបនេះកើតឡើងជាថ្មីទៀតនាថ្ងៃមុខ។ ការស៊ើបអង្កេតទៅក្នុងករណីដ៏សែនរន្ធត់នេះកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ ប៉ុន្តែក្រុមមន្ត្រីអង់គ្លេសបានចាត់ទុកករណីនេះថា ជាករណីមួយក្នុងចំណោមករណីរត់ពន្ធមនុស្សដែលមានអ្នកបាត់បង់ជីវិតច្រើនបំផុតក្នុងប្រទេសអង់គ្លេស។
ស្របពេលជាមួយគ្នានោះ កាលពីថ្ងៃអាទិត្យរដ្ឋាភិបាលវៀតណាមក៏បានប្រកាសបើកការស៊ើបអង្កេតទៅក្នុងករណីបាត់បង់ជីវិតនេះនិងបានបង្កើតបណ្តាញទូរស័ព្ទបន្ទាន់សម្រាប់ក្រុមគ្រួសារជនរងគ្រោះ។ ប៉ូលិសអង់គ្លេសបានចោទប្រកាន់អ្នកបើករថយន្តកុងទឺន័រនោះដែលមានអាយុ២៥ឆ្នាំកាលពីថ្ងៃសៅរ៍ពីបទមនុស្សឃាតនិងឃុបឃិតរត់ពន្ធមនុស្ស។
ប៉ូលិសបាននិយាយថាពួកគេបានយកសាកសពទាំងអស់ចេញពីទូរកុងទឺន័រនោះហើយនិងកំពុងរង់ចាំការធ្វើកោសល្យវិច័យ។ ការកំណត់អត្តសញ្ញាណជនរងគ្រោះត្រូវបានគេគិតថានឹងមានការលំបាកហើយក្រុមមន្រ្តីបាននិយាយថាពួកគេបានរកឃើញឯកសារតិចតួចណាស់ដែលនៅជាប់នឹងសាកសពទាំង៣៩នាក់៕