សភាអាមេរិកនឹងធ្វើការបោះឆ្នោតក្នុងសប្ដាហ៍នេះជុំវិញនីតិវិធីដកលោក ដូណាល់ ត្រាំ ពីតំណែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 October, 2019 ក+ ក-

វ៉ាស៊ីនតោន ៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី Nancy Pelosi បាននិយាយថា សភាតំណាងរាស្ត្រសហរដ្ឋអាមេរិកនឹងធ្វើការបោះឆ្នោតជាផ្លូវការលើកដំបូងនៅថ្ងៃព្រហស្បតិ៍ទី ៣១ ខែតុលាស្តីពីការស៊ើបអង្កេតដើម្បីដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមសារព័ត៌មាន CNA។

ប្រធានសភាតំណាងរាស្ត្រអាមេរិកមកពីបក្សប្រជាធិបតេយ្យ លោកស្រី Nancy Pelosi ធ្វើការប្រកាសបែបនេះ នៅក្នុងលិខិតផ្ញើជូនសមាជិកសភាទាំងអស់ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោកស្រី Pelosi បានបញ្ជាក់នៅក្នុងលិខិតនោះ ដូច្នេះថា ៖ «នៅក្នុងសប្ដាហ៍នេះ យើងនឹងបោះឆ្នោតសម្រេចស្ដីពីការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីដកតំណែង ប្រធានាធិបតី ដែលបច្ចុប្បន្នកំពុងដឹកនាំដោយគណៈកម្មាធិការរបស់យើង»។

លោក ត្រាំ បច្ចុប្បន្ន កំពុងប្រឈមមុខនឹងការស៊ើបអង្កេតដកតំណែងប្រធានាធិបតី បន្ទាប់ពីត្រូវបានគេចោទប្រកានថា បានរំលោភលើច្បាប់សហព័ន្ធអាមេរិក ជាមួយការស្នើឱ្យអ៊ុយក្រែន ជួយរូបលោកឱ្យឈ្នះឆ្នោត ម្ដងទៀត នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈការបើកស៊ើបអង្កេតពីបទពុករលួយ ប្រឆាំងនឹងលោក Joe Biden។ លោក Joe Biden គឺជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យម្នាក់ ដែលត្រូវបានគេរំពឹងថានឹងក្លាយជាគូប្រជែងដ៏ធំរបស់លោក ត្រាំ៕