​សមត្ថកិច្ច​​នៅ​មិនទាន់​មានតម្រុយ​នៃ​ការបាត់​ខ្លួន​ស្ត្រី​ជនជាតិ​អង់គ្លេស​នៅលើ​ដែន​កោះរ៉ុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 October, 2019 ក+ ក-

ខេត្ត​ព្រះសីហនុ ៖ រហូតមកដល់ពេលនេះការបាត់​ខ្លួន​ស្ត្រី​ជនជាតិ​អង់គ្លេស​វ័​យ​ក្មេង​ម្នាក់នៅលើ​ដែន​កោះកុង​សន្លឹមស្ថិតក្នុង​ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ នៅតែស្ថិតក្នុង​អាថ៌កំបាំង​នៅឡើយ បើ​គិតពី​ថ្ងៃ​បាត់​ខ្លួន​មក​រយៈពេល​៤​ថ្ងៃ​ហើយ ។​

​មន្ត្រីរដ្ឋបាល​ក្រុង​កោះរ៉ុង​ឲ្យដឹងថា គិត​មក​ត្រឹម​ល្ងាច​ថ្ងៃទី​២៨ ​ខែតុលា ​ឆ្នាំ​២០១៩​នេះ ការស្វែងរក​ស្ត្រី​ជនជាតិ​អង់គ្លេស​មួយរូប ដែល​បាត់​ខ្លួន​នៅលើ​កោះរ៉ុង​នោះ មិនទាន់​ប្រទះឃើញ​នៅឡើយ សូម្បីតែ​តម្រុយ​អ្វី​បន្តិច​ក៏​មិន​ទទួល​បានដែរ។​

​ទោះជា​យ៉ាងនេះ​ក្តី កម្លាំង​សមត្ថកិច្ច​ចម្រុះ​គ្រប់ផ្នែក រួមជាមួយ​ក្រុម​អ្នក​ស្ម​គ្រ័​ចិត្ត​ផង កំពុង​ធ្វើ​ប្រតិបត្តិ​ការស្វែងរក​បន្ត​ដោយ​ថ្មើរជើង​នៅលើ​ដីគោក​ក្នុង​តំបន់​ព្រៃភ្នំ​ផង ក្នុងនោះ​មានការ​ប្រើប្រាស់​កាមេរ៉ា​ពីលើ​អាកាស ហើយ​នៅក្នុង​ទឹក​ក្បែរ​ឆ្នេរសមុទ្រ​ក៍មាន​ក្រុម​អ្នក​មុជទឹក​ស្វែងរក​ផងដែរ​។

​រំលឹកថា ស្ត្រីជន​បរទេស​ដែល​បាត់​ខ្លួន​នេះ ឈ្មោះ​Amelia Bambridge អាយុ ២១​ឆ្នាំ ដែល​យោង តាម​របាយការណ៍​ពី​សមត្ថកិច្ច​បញ្ជាក់ថា បាន​បាត់​ដំណឹង​ក្នុងភូមិ​សាស្ត្រ​ក្រុង​កោះរ៉ុង ចាប់ពី​វេលា​ម៉ោង​ជិត​៤​ទៀបភ្លឺ​ថ្ងៃទី​២៤​តុលា​២០១៩ មិនទាន់​ដឹងថា​ជាការ​វង្វេង​ដូច ករណី​ជនបរទេស​ខ្លះ​ធ្លាប់​វង្វេង​បាត់​ក្នុងព្រៃ​លើ​កោះ​កន្លងមក ឬ​ដោយហេតុ​ការណ៍​មួយ នៅឡើយ​៕