ខេត្តប៉ៃលិន ៖ មានករណីហិង្សាក្នុងគ្រួសារបានកើតឡើងកាលពីរសៀលម្សិលមិញ បណ្តាលឲ្យបុរសម្នាក់ជាឪពុកបានរងរបួសធ្ងន់ធ្ងរត្រូវបានគេប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈឈ្លោះប្រកែកគ្នាតិចតួចពីរឿងដីធ្លី ស្រាប់តែត្រូវជនសង្ស័យជាកូនកាប់ប្រហារ បណ្តាលឲ្យរងរបួសតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទីល្ងាច ថ្ងៃទី២៩ ខែតុលានេះ នៅចំណុចអូរខ្យង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាល ឲ្យឪពុករងរបួសធ្ងន់ ចំថ្ងាសរយះសាច់ដុំដៃស្តាំ ប្រអប់ដៃស្តាំ និងភ្លៅស្តាំ។
ចំណែកជនសង្ស័យជាកូនបង្កើតឈ្មោះ ភឹក ភ័ណ្ឌ អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅ ភូមិវត្តសង្កាត់ប៉ៃលិន ។ ជនរងគ្រោះមានឈ្មោះ ថាន់ ផន អាយុ៧៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (ត្រូវជាឪពុកបង្កើត) ។
តាមព័ត៌មានទទួលបានករណីខាងលើនេះកើតឡើងដំបូងពីជម្លោះពាក្យសំដីរឿងចែកដីធ្លីឲ្យកូនមិនស្មើគ្នាបង្កឲ្យជនសង្ស័យមានកំហឹង ហើយដោយជនសង្ស័យជាអ្នកញៀនថ្នាំផងនោះក៏ហ៊ានទាញកាំបិតកាប់ប្រហារឪពុកតែម្តង។ ប៉ុន្តែជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានផងដែរ៕