បាងកក ៖ កម្លាំងសន្តិសុខថៃបានចាប់ផ្តើមធ្វើសមយុទ្ធកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅ Muang Thong Thani ក្នុងក្រុងបាងកក ជាទីកន្លែងដែលមេដឹកនាំពិភពលោក ក្នុងនោះរួមមានទាំងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាផង នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាដើមខែវិច្ឆិកាខាងមុខនេះ។
លោកឧបនាយករដ្ឋមន្រ្តីថៃ Prawit Wongsuwon ដែលបានធ្វើជាអធិបតីក្នុងពីធីបើកការធ្វើសមយុទ្ធនេះ ក្នុងនាមជាមេសន្តិសុខជាតិបាននិយាយថា លោកមានទំនុកចិត្តចំពោះប្រទេសថៃ ដែលត្រៀមខ្លួនរួចរាល់ក្នុងការឆ្លើយតបទៅនឹងហេតុការណ៍កើតឡើងណាមួយ ក្នុងអំឡុងកិច្ចប្រជុំកំពូលនេះ។
ការហ្វឹកហាត់នេះ ធ្វើជារបៀបឆ្លើយតបនឹងការគំរាមកំហែងសន្តិសុខកម្រិតខ្ពស់ ព្រមទាំងប្រតិបត្តិការសង្គ្រោះ និងជម្លៀសមេដឹកនាំ និងភ្ញៀវដែលចូលរួមក្នុងកិច្ចប្រជុំ។ ក្រៅពីនេះក៏គេឃើញមានឧទ្ធម្ភាគចក្រ Black Hawk មួយគ្រឿងផងដែរ ចូលរួមក្នុងសមយុទ្ធនេះ ពោលគឺកម្លាំងសន្តិសុខ ហ្វឹកហាត់ចេញពីឧទ្ធម្ភាគចក្រចុះតាមខ្សែពួមកក្រោម។
កម្លាំងប៉ូលិស និងសន្តិសុខថៃ ប្រមាណ១៧០០០នាក់ ដោយរួមមានទាំងកងកូម៉ង់ដូផងនោះ នឹងត្រូវចល័តដើម្បីការពារសន្តិសុខក្នុងកិច្ចប្រជុំកំពូលដែលចាប់ផ្តើមធ្វើឡើងនៅចុងសប្តាហ៍នេះ។
កិច្ចប្រជុំសំខាន់ៗរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥, កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២២, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦, កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១០, កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧, កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៤, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២ និងកិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់លើកទី៣៕