ជប៉ុន ៖ អគ្គិភ័យមួយបានឆាបឆេះលើវិមាន Shuri ដែលជាទីតាំងប្រវត្តិសាស្ត្រមួយត្រូវបានចុះបញ្ជីជាសម្បត្តិបេតិភណ្ឌពិភពលោក ស្ថិតនៅក្នុងខេត្ត Okinawa ប្រទេសជប៉ុន និងបានបំផ្លាញអគារធំៗមួយចំនួន។ នេះបើយោងតាមប្រភពពី BBC។
ក្រុមពន្លត់អគ្គិភ័យបាននិងកំពុងប្រយុទ្ធនឹងអណ្តាតភ្លើងចាប់តាំងពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។ រហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍អំពីការរងរបួសណាមួយនៅឡើយទេ។
ប្រាសាទនេះត្រូវបានសាងសង់ប្រហែល ៥០០ ឆ្នាំមុន ក្រោមរជ្ជកាលស្ដេច Ryukyu ហើយវាត្រូវបានចាត់ទុកជារតនសម្បត្តិជប៉ុននៅឆ្នាំ១៩៣៣។ កាលពីមុនវាត្រូវបានបំផ្លាញនៅក្នុងសមរភូមិមួយអំឡុងសង្គ្រាមលោកលើកទី ២ ។ រចនាសម្ព័ន្ធបច្ចុប្បន្នគឺជាការស្ថាបនាឡើងវិញ។
យ៉ាងណាមិញ អ្នកនាំពាក្យ Ryo Kochi បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា“ មូលហេតុនៃអគ្គិភ័យមិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែការជូនដំណឹងរបស់ក្រុមហ៊ុនសន្តិសុខមួយបានឲ្យដឹងថា អគ្គិភ័យបានកើតឡើងនៅម៉ោងប្រមាណ២ និង៣០នាទីព្រឹកថ្ងៃព្រហស្បត៍នេះ”៕