ភ្នំពេញ ៖ នារសៀលថ្ងៃទី៣០ តុលានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង (Phan Van Giang) អនុរដ្ឋមន្ត្រី និងជាប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមជួបសំដែងការគួរសម នៅវិមានសន្តិភាព។ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ថា កម្ពុជា និងវៀតណាមនឹងធ្វើសមយុទ្ធសង្គ្រោះរួមគ្នា នៅខែធ្នូខាងមុខ។
លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឲ្យដឹងថា ក្នុងជំនួបនេះ លោកផាន់ វ៉ាន់ហ្សាង បញ្ជាក់ជូនសម្តេចតេជោថា កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ និងក្រសួងការពារជាតិទាំងពីរ គឺបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ជាពិសេសលើការរៀបចំសមយុទ្ធសង្គ្រោះរួមគ្នាពេលមានគ្រោះមហន្តរាយ ដោយគ្រោងនឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុខ។ ការថែរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់តាមព្រំដែន និងការស្វែងរកអដ្ឋិធាតុរួមជាមួយនឹងការហ្វឹកហាត់បណ្ដុះបណ្ដាលនាយទាហាន សុទ្ធសឹងជាកិច្ចសហប្រតិបត្តិការ នៃក្រសួងទាំងពីរអនុវត្ត។ សម្ដេច បានបង្ហាញនូវការរីករាយ ជាមួយនឹងទំនាក់ទំនងរវាងកងទ័ពទាំងពីរ ដែលបាននាំមកនូវផលប្រយោជន៍ជូនដល់ប្រជាជនជាពិសេសប្រជាជនដែលកំពុងតែរស់នៅតាមព្រំដែន។ ចំពោះការរៀបចំសមយុទ្ធសង្គ្រោះពេលមានគ្រោះមហន្តរាយ សម្ដេចតេជោបានមានប្រសាសន៍ថានេះជាការអនុវត្តមួយ ដែលផ្ដល់នូវផលប្រយោជន៍ដល់ប្រជាជនទាំងពីរ នៅពេលដែលមានគ្រោះមហន្តរាយជាពិសេសនៅពេលដែលមានភ្លើងឆេះព្រៃ និងមានទឹកជំនន់ជាដើម។ សម្ដេចបន្តថា ភ្លើងឆេះព្រៃ វាមិនស្គាល់ព្រំដែនទេ ដូច្នេះការអនុវត្តសមយុទ្ធនេះ ត្រូវតម្រូវអោយកងទ័ពកម្ពុជា ចូលទៅក្នុងទឹកដីវៀតណាម ហើយកងទ័ពវៀតណាមចូលនៅក្នុងទឹកដីកម្ពុជា។
ដើម្បីជៀសវាងដល់ការយល់ច្រឡំ និងអោយមានការយល់ដឹងទូលំទូលាយ សម្តេចតេជោបានផ្តល់អនុសាសន៍ឲ្យមានសកម្មភាពមនុស្សធម៌ជាមួយគ្នា នៅក្នុងសមយុទ្ធនេះ មានន័យថា ភាគីកម្ពុជាអាចចូលទៅព្យាបាលប្រជាជនវៀតណាម ហើយប្រជាជនវៀតណាមចូលមកព្យាបាលប្រជាជនកម្ពុជាដើម្បីត្រៀមនៅពេលមានគ្រោះមហន្តរាយ ហើយក៏អាចជំរុញឲ្យមានកម្មវិធីដូចជាកីឡា សិល្បៈរួមគ្នាផងដែរ ។
សំខាន់ជាងនេះទៀតធ្វើយ៉ាងណាបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងជំរុញបង្កលក្ខណៈ ធ្វើយ៉ាងណាឲ្យប្រជាជនប្រទេសទាំងពីរប្រទេសអាចប្រកបអាជីវកម្មតាមព្រំដែនបានដោយងាយស្រួល៕