ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី មីដវីដេវ បានចាត់ទុកកម្ពុជា ជាមិត្តជិតស្និទ្ធរបស់រុស្ស៊ី ហើយថា ប្រទេសទាំងពីរនឹងបន្តពង្រីក ពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ជាពិសេសរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល និងក្របខណ្ឌផ្សេងៗទៀត។ លោកថ្លែងដូច្នេះ ក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្រុងបាងកក ប្រទេសថៃ។
ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរអរគុណដល់ប្រទេសរុស្ស៊ី ក្នុងការបន្តត្រៀមធ្វើកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន រួមទាំងវិស័យវប្បធម៌ផងដែរ ហើយមិនតែប៉ុណ្ណោះទេ សម្ដេចក៏បានមានប្រសាសន៍ផងដែរថា ដោយសារកម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការក្នុងការរៀបចំទិវាវប្បធម៌រុស្ស៊ីនៅក្នុងឆ្នាំ២០២០នៅកម្ពុជា និងសូមអរគុណរុស្ស៊ីដែលគាំទ្រកម្ពុជា ឲ្យក្លាយជាប្រទេសសង្កេតការណ៍នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ហើយផ្ដល់នូវវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីយោធាកម្ពុជា និងផ្ដល់ជំនួយបច្ចេកទេសក្នុងវិស័យកំចាត់មីនផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បន្តថា សម្ដេចពិតជារីករាយអំពីទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរដែលមានការកើនឡើងកន្លងមកនេះ ហើយក្នុងន័យនេះដើម្បីពង្រឹងទំហំពាណិជ្ជកម្មបន្ថែមទៀតនោះ សម្ដេចតេជោក៏បានស្នើសុំឱ្យនាយករដ្ឋមន្ត្រីរុស្ស៊ីជួយជំរុញវិនិយោគិនរុស្ស៊ីឲ្យមកវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា ក្នុងវិស័យមួយចំនួនដូចជាវិស័យកែច្នៃម្ហូបអាហារ កសិឧស្សាហកម្ម, ឧស្សាហកម្ម electronic, ឧស្សាហកម្មបង្គំ និងឧស្សាហកម្មផលិតគ្រឿងម៉ាស៊ីនជាដើម។ សម្ដេចក៏បានស្នើភាគីរុស្ស៊ីពិនិត្យលទ្ធភាពចាប់ផ្ដើមអនុវត្តគម្រោងទំនើបកម្ម មន្ទីពេទ្យមិត្តភាពខ្មែរសូវៀតនៅក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះមន្ទីរពេទ្យនេះជានិមិត្តរូបនៃមិត្តភាពរយៈពេលយូរអង្វែងរវាងប្រទេសទាំងពីរ ។
ដោយឡែក ពាក់ព័ន្ធនឹងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី, កម្ពុជាក៏សូមថ្លែងអំណរគុណចំពោះការគាំទ្រជាគោលការណ៍របស់រុស្ស៊ីចំពោះកិច្ចប្រឹងប្រែងឲ្យមានការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីនេះ។ សម្ដេចតេជោក៏បានមានប្រសាសន៍ផងដែរថា កម្ពុជាស្នើសុំឲ្យរុស្ស៊ីគាំទ្រចំពោះការស្នើសុំជាផ្លូវការរបស់កម្ពុជាទៅដល់គណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលកន្លងទៅនេះយើងបានស្នាក់ដាក់ស្នើសុំរួចមកហើយ។ ចំណុចមួយទៀត ដោយសារកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០ខាងមុខនេះ សម្ដេចតេជោក៏បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីរុស្ស៊ី អញ្ជើញចូលរួមកិច្ចប្រជុំនេះផងដែរ។
លោកនាយករដ្ឋមន្ត្រីរុស្ស៊ី ក៏បានឆ្លើយតបមកវិញថា ប្រទេសរុស្សី ចង់សហការជាមួយកម្ពុជាលើវិស័យជាច្រើនរួមទាំងវិស័យឧស្សាហកម្មហើយយើងចង់បន្តផ្ដល់ការគាំទ្រទៅដល់កម្ពុជានៅក្នុង កិច្ចសហការលើវិស័យថាមពល ដូចជាវិស័យប្រេង វិស័យទូរគមនាគមន៍, ខាងជលផល និងការបង្កើតកិច្ចសហប្រតិបត្តិការផ្សេងៗទៀតនៅកម្ពុជា។ ចំពោះពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ឯកឧត្តមបានគូសបញ្ជាក់ថា នេះជាកិច្ចការមានសារៈសំខាន់ណាស់ហើយជាគំនិតផ្ដួចផ្ដើមដ៏ល្អ ដែលយើងអាចចុះកិច្ចព្រមព្រៀងនៅពេលខាងមុខនេះក្រោយពីការចរចារួចហើយនោះ។ លោកបានបញ្ជាក់ថា ប្រទេសទាំងពីរអាចមានកិច្ចសហការយ៉ាងល្អលើវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត និងវិស័យផ្សេងៗទៀតជាពិសេសនៅក្នុងការដោះមីននៅក្នុងវិស័យការពារជាតិដែលប្រទេសរុស្ស៊ីចង់បន្តក្នុងការបណ្ដុះបណ្ដាលផ្នែកមន្ត្រីយោធាកម្ពុជា។
ក្រៅពីនេះទៀត ពាក់ព័ន្ធនឹងមន្ទីរពេទ្យ លោកគូសបញ្ជាក់ថា នេះជាគម្រោងដ៏សំខាន់ ហើយយើងនឹងខិតខំប្រឹងប្រែងនៅក្នុងការធ្វើការងារនេះឲ្យបានឆាប់កាន់តែល្អ។ ក្នុងឱកាសនេះ លោកក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសក្នុងការជំរុញកិច្ចសហការលើវិស័យជាច្រើនរវាងប្រទេសយើងទាំងពីរ ជាពិសេស នៅក្នុងក្របខណ្ឌអាស៊ានដែលកម្ពុជាបានចូលរួមយ៉ាងច្រើននៅក្នុងក្របខណ្ឌអាស៊ាន និងរុស្ស៊ីដើម្បីកិច្ចសហការបន្តទៀត។ ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុប នៅឆ្នាំ២០២០ លោកបានថ្លែងអំណរគុណ សម្ដេចតេជោនាយករដ្ឋមន្រ្តី ចំពោះការអញ្ជើញលោក មកចូលរួមកិច្ចប្រជុំនៅទីក្រុងភ្នំពេញ នៅឆ្នាំក្រោយនេះ ដោយលោកនឹងអញ្ជើញចូលរួម។
ពាក់ព័ន្ធនឹងវិស័យការបណ្ដុះបណ្ដាល នាយករដ្ឋមន្ត្រីរុស្ស៊ីបញ្ជាក់ថា ប្រទេសរុស្ស៊ីនឹងបន្តជួយដល់វិស័យអប់រំ និងការបណ្ដុះបណ្ដាលដល់កម្ពុជា ហើយជាពិសេសទៀត ឯកឧត្តមមានប្រសាសន៍ថា នៅឆ្នាំក្រោយឆ្នាំ២០២០, ប្រទេសរុស្ស៊ីនឹងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាផងដែរ៕