វៀតណាម​ចាប់ខ្លួន​មនុស្ស​៨​នាក់​ពាក់ព័ន្ធ​នឹង​សាកសព​ក្នុង​ទូ​កុងតឺន័រ​នៅ​អង់គ្លេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 November, 2019 ក+ ក-

វៀតណាម ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប៉ូលិស​នៅក្នុង​ប្រទេស​វៀតណាម​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន៨នាក់​ពាក់ព័ន្ធ​នឹង​ការរកឃើញ​សាកសព​ជនជាតិ​វៀតណាម​ចំនួន ៣៩នាក់​នៅក្នុង​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​នៅក្បែរ​ទីក្រុង​ឡុង​ដ៍​កាលពី​ខែ​មុន។​

​ប៉ូលិស​អង់គ្លេស​កាលពី​សប្តាហ៍​មុន​បាន​ចោទប្រកាន់​បុរស​ពីរ​នាក់​ពីបទ​មនុស្សឃាត​លើ​ការស្លាប់​របស់​ក្រុមមនុស្ស​នេះ​ដែល​សាកសព​របស់​ពួកគេ​ត្រូវបាន​រកឃើញ​នៅ​ខាងក្នុង​កុងតឺន័រ​នៅលើ​ឡាន​ដឹកទំនិញ​មួយគ្រឿង​កាលពី​ថ្ងៃទី២៣ ខែតុលា។​

​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​វៀតណាម (VNA) បាន​ឲ្យ​ដឹងថា ស្នងការ​ប៉ូលិស​ខេត្ត Nghe An លោក Nguyen Huu Cau បាន​និយាយថា “​ផ្អែកលើ​អ្វីដែល​យើង​បាន​រៀន​ពី​ជនសង្ស័យ​យើង​នឹង​ចាប់ផ្តើម​ការស៊ើបអង្កេត​យ៉ាងសកម្ម​ដើម្បី​ប្រយុទ្ធ និង​លុបបំបាត់​ក្រុម​ដែល​នាំ​មនុស្ស​ខុសច្បាប់​ទៅ​ប្រទេស​អង់គ្លេស​”។​

​លោក Cau បាន​បន្ថែមថា “​អ្វីដែល​ល្អ​បំផុត​ដែល​ត្រូវធ្វើ​នៅពេលនេះ​គឺ​ត្រូវ​ដោះស្រាយ​ជាមួយនឹង​ផលវិបាក​នៃ​ឧប្បត្តិ​ហេតុនេះ និង​ជួយ​សមាជិកគ្រួសារ​ឲ្យ​ទទួលបាន​សាកសព​”។ ​លោក Cau បាន​និយាយថា ប៉ូលិស​បានចាត់ទុក​សោកនាដកម្ម​នេះ​ថា ​ជា​ឧប្បត្តិហេតុ​រត់ពន្ធ​មនុស្ស​ជាជាង​ករណី​ជួញដូរ​មនុស្ស ។​

​ជនរងគ្រោះ​ភាគច្រើន​មកពី​បណ្តា​ខេត្ត​ជិតខាង​គ្នា​គឺ​ខេត្ត Nghe An និង​ខេត្ត Ha Tinh ដែល​ស្ថិតនៅ​ភាគ​ខាងជើង និង​ភាគ​កណ្តាល​ប្រទេស​វៀតណាម​ជា​កន្លែង​ដែលមាន​ការងារ​មិនសូវ​ល្អ ការរត់ពន្ធ​ក្មេង​ទំនើង និង​គ្រោះមហន្តរាយ​បរិស្ថាន​បានរួម​ចំណែក​ដល់​រល​ក​នៃ​ជន​ចំណាកស្រុក។​

​កាលពី​ថ្ងៃ​សុក្រ​ប៉ូលិស​នៅ​ខេត្ត Ha Tinh បាន​និយាយថា ពួកគេ​បាន​ចាប់ខ្លួន​មនុស្ស​ពីរ​នាក់ និង​បាន​កោះហៅ​អ្នក​ផ្សេងទៀត​ដើម្បី​ធ្វើការ​សាកសួរ​ពី​ការសង្ស័យថា​ពាក់ព័ន្ធ​នឹង​ឧប្បត្តិ​ហេតុនេះ។​

​អ្នកបើករថយន្ត​ដឹកទំនិញ​ត្រូវបាន​ចោទប្រកាន់​រួចហើយ​ចំពោះ​ការស្លាប់​នេះ ហើយ​កាលពី​ថ្ងៃ​សុក្រ​ក្រុម​អ្នកស៊ើប​អង្កេត​បាន​និយាយថា លោក Eamon Harrison អាយុ២៣ឆ្នាំ​មកពី​ប្រទេស​អៀរ​ឡង់​ខាងជើង​ក៏ត្រូវ​បាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត​ចំនួន៣៩ករណី​រួមជាមួយ​នឹង​ករណី​ការជួញដូរ​មនុស្ស និង​បទល្មើស​អន្តោប្រវេសន៍​ផងដែរ។​

​គេហទំព័រ​ផ្លូវការ​របស់​រដ្ឋាភិបាល​វៀតណាម​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា គណៈប្រតិភូ អ្នកការទូត និង​ប៉ូលីស​វៀតណាម​បាន​ចាក​ចេញទៅ​ចក្រភព​អង់គ្លេស​ជា​កន្លែង​ដែល​គេ​រំពឹងថា​នឹង​ជួប​ជាមួយ​សម​ភាគី​អង់គ្លេស​របស់​ពួកគេ​នៅ​ថ្ងៃ​ចន្ទ៕