ប្រទេសជាង៥០ នឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅកម្ពុជារយៈពេលបីថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 November, 2019 ក+ ក-

ភ្នំពេញ ៖ លោក ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៨ដល់ថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដែលនឹងមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមកពីបណ្តាជាង ៥០ប្រទេសចូលរួម ដើម្បីរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងពេលបច្ចុប្បន្នតាមរយៈកិច្ចប្រជុំកំពូល ប្រចាំឆ្នាំមួយនេះ។

នៅក្នុងសន្និសីទសារព័ត៍មាននាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ស្ដីពីដំណើរឆ្ពោះទៅការរៀបចំកិច្ចប្រជុំ កំពូលអាស៊ីប៉ាស៊ីហ្វិកនេះ លោក ឯក ថា បានថ្លែងថា វាជាកិច្ចប្រជុំដ៏មានសារ:សំខាន់ណាស់ ដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទួះ ដោយកិច្ចប្រជុំនេះមានប្រទេសជាង៥០ ចូលរួម ក្នុងនោះមានប្រធានាធិបតី នាយករដ្ឋមន្ត្រី សមាជិក ព្រឹទ្ធសភា រដ្ឋសភា និងភាគីពាក់ព័ន្ធនានាសរុបខ្ទង់ពាន់នាក់។

លោកថា កម្ពុជាត្រូវបានគេមើលឃើញថា ជាប្រទេសដែលមានសុខសន្តិភាព ការផ្សះផ្សាបង្រួប បង្រួមជាតិ និងជាប្រទេសដែលកំពុងមានការអភិវឌ្ឍខ្លាំង ដែលសមជាទីកន្លែងរៀបចំកិច្ចប្រជុំជា លក្ខណៈអន្តរជាតិធំៗ ដែលកម្ពុជាធ្លាប់មានបទពិសោធន៍ និងទទួលបានជោគជ័យក្នុងការរៀបំកិច្ចប្រជុំជា លក្ខណៈអន្តរជាតិនេះជាច្រើនវេទិកាមកហើយ។
,
ដោយឡែក លោកបណ្ឌិត Julius Malicedem ជានាយកអង្គការសហព័ន្ធសន្តិភាពសកល តំបន់អាស៊ីអាគ្នេយ៍បានថ្លែងថា សហព័ន្ធសន្តិភាពសកល សូមថ្លែងអំណរគុណសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអនុញ្ញាតអោយសហព័ន្ធសន្តិភាពសកល រៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី២ នៅកម្ពុជា ដែលលើកទី១បានធ្វើឡើងនៅប្រទេសនេប៉ាល់កាលពីឆ្នាំកន្លងទៅ។លោកថាប្រធាន
បទកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២នេះ គឺការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន, សន្តិ ភាព, ការផ្សះផ្សាជាតិ, ការពឹងអាស្រ័យគ្នាទៅវិញទៅមក និងគុណតម្លែជាសកល៕