ភ្នំពេញ ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានជួបពិភាក្សាជាមួយឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោកស្រី Tina Redshaw កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
នៅក្នុងជំនួប លោកស្រី Tina Redshaw បានថ្លែងអំណរគុណអគ្គស្នងការនគរបាលជាតិ ចំពោះកិច្ចប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជា ក្នុងនោះរួមមានការចូលរួមពីកងកម្លាំងនគរបាល ខេត្តព្រះសីហនុផងដែរ ក្នុងការជួយរកសាកសពនារីជាតិអង់គ្លេសអាយុ២១ឆ្នាំឈ្មោះ Amelia Bambridge ដែលបានបាត់បង់ជីវិតដោយការលង់ទឹក។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានសម្តែងនូវការសោកស្តាយ ចំពោះការបាត់បង់ជីវិតនារីទេសចរជនជាតិអង់គ្លេសនេះ និងបានថ្លែងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផងដែរ។
ក្នុងជំនួបនេះដែរ លោកស្រីឯកអគ្គរាជទូត បានស្នើអគ្គស្នងការនគរបាលជាតិ ជួយផ្តល់បទពិសោធន៍ខ្លះពាក់ព័ន្ធករណីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបញ្ហាគ្រឿងញៀន, បញ្ហាអំពើរត់ពន្ធជួញដូរមនុស្សឆ្លងដែន និងបទល្មើសបច្ចេកវិទ្យាផងដែរ។
អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតអង់គ្លេស ជុំវិញកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលជាតិកម្ពុជាជាមួយនឹងក្រុមប្រឆាំងឧក្រិដ្ឋកម្មជាតិអង់គ្លេស NCA (National Crime Agency) បទពិសោធន៍នៃការបង្ក្រាបគ្រឿងញៀនរួមទាំងការបញ្ជាក់នូវប្រភពនាំចូល និងលំហូរឆ្លងកាត់ប្រទេសកម្ពុជា ទៅកាន់ប្រទេស ទី៣ថែមទៀត ដោយកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀនទេ ប៉ុន្តែជាប្រទេសដែលរងគ្រោះនៃ ការប្រើប្រាស់គ្រឿងញៀន។ ដោយឡែកបទពិសោធន៍បង្ក្រាបករណីជួញដូរមនុស្ស និងបញ្ហាបទល្មើសឧក្រិដ្ឋបច្ចេកវិទ្យា ដែលកម្ពុជា និងពិភពលោកកំពុងប្រឈមនាបច្ចុប្បន្ននេះផងដែរ៕