ភ្នំពេញ ៖ តាមការប្រកាសរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា សាលាឧទ្ធរណ៍បានសម្រេចដោះលែង លោក ថោង សារ៉ាត់ និងបក្ខពួកចំនួន៣នាក់ទៀត ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន លើកលែងតែឈ្មោះ សៀង វាសនា ដែលជាជនដៃដល់បន្តស្ថិតនៅក្នុងឃុំ។
បើតាមសេចក្តីប្រកាសអ្នកនាំពាក្យសាលាឧទ្ធរណ៍បានបញ្ជាក់ថា អ្នកដែលត្រូវដោះលែងឲ្យក្រៅឃុំជាបណ្តោះអាសន្នចំនួន៤នាក់នោះរួមមាន ទី១៖ ថោង សារ៉ាត់, ទី២៖ ហួយ ចាន់ថុល, ទី៣៖ មាស សម្បត្តិ ហៅ ទូច និងទី៤៖ ឈ្មោះ ឃុន ចិត្រា ដោយតុលាការបានដាក់លក្ខខណ្ឌ៤ចំណុចដូចជា ៖ ១៖ ជនជាប់ចោទមិនត្រូវចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដោយមិនមានការអនុញ្ញាតពីតុលាការ។ ២៖ ហាមផ្លាស់ប្តូរលំនៅដ្ឋាន។ ៣៖ ត្រូវបង្ហាញខ្លួននៅការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញរៀងរាល់សប្តាហ៍ទី១ រៀងរាល់ខែ និង៤៖ ចូលបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ចដែលចាត់តាំងដោយតុលាការ។
សូមបញ្ជាក់ថា លោក ថោង សារ៉ាត់ និងបក្ខពួកចំនួន៤នាក់ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្ដន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ។ ពិរុទ្ធជនទាំង៥នាក់នេះមាន ទី១៖ លោក ថោង សារ៉ាត់ ជាមេខ្លោង, ទី២៖ឈ្មោះ ស៊ាង វាសនា, ទី៣៖ឈ្មោះ មាស សម្បត្តិ, ទី៤៖ឈ្មោះ កុយ ចាន់ថុល និងទី៥៖ឈ្មោះ ឈុំ ចិត្រា។
ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ដ៏កក្រើករាជធានីភ្នំពេញនេះបានកើតឡើងកាលវេលាម៉ោង៧៖១៨នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈពេលលោកឧកញ៉ាចុះពីរថយន្តដើម្បីទៅទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕