ឥណ្ឌូនេស៊ី ៖ ជនជាតិសិង្ហបុរីចំនួន១៨នាក់ត្រូវបានគេរាយការណ៍ថា បានរងរបួសបន្ទាប់ពីស្ពានឈើមួយនៅឯរមណីយដ្ឋាន Montigo ក្នុងទីក្រុង Batam ប្រទេសឥណ្ឌូនេស៊ី បានដួលរលំកាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមប្រភពពីសារព័ត៌មាន CNA ។
មន្ត្រីប៉ូលីសឥណ្ឌូនេស៊ី បាននិយាយថា ភ្ញៀវទេសចរដែលស្ថិតនៅលើស្ពាននោះបាននិងកំពុងថតរូប នៅពេលដែលផ្នែកកណ្តាលនៃស្ពាន ដែលមានប្រវែង ៧០ម៉ែត្របានបាក់រលំ។ លោកបានបន្ថែមថាមនុស្សជាង៣០នាក់បានធ្លាក់ចូលទៅក្នុងសមុទ្រ។ រាយការណ៍ដដែលបានឲ្យដឹងថាជនជាតិសិង្ហបុរី ១៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Bhayangkara ក្នុងក្រុង Batam រីឯ ៥ នាក់ទៀតរងរបួសស្រាល។
គួរបញ្ជាក់ថា កត្តាចម្បងដែលនាំឲ្យបាក់ស្ពានខាងលើនេះ គឺបណ្តាលមកភាពចាស់នៃស្ពាន និងការប្រមូលផ្តុំនៅទីតាំងមួយលើសចំនួនកំណត់។ យ៉ាងណាក៏ដោយ ការស៊ើបអង្កេតមួយក៏ត្រូវបានធ្វើឡើងផងដែរ ដើម្បីស្វែងរកអ្នកទទួលខុសត្រូវ៕