បញ្ចប់សុពលភាពលិខិតឆ្នងដែនរបស់អតីតមន្ត្រីបក្សប្រឆាំងចំនួន១២នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 November, 2019 ក+ ក-

ភ្នំពេញ ៖ រដ្ឋបាលក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានផ្ញើលិខិតជាផ្លូវ ការ ទៅកាន់បណ្តាស្ថានទូតបរទេសប្រចាំនៅកម្ពុជា ដើម្បីជូនដំណឹងពីការបញ្ចប់សុពលភាពលិខិតឆ្លងដែនរបស់ជនដែលត្រូវបានតុលាការចោទប្រកាន់ចំនួន ១២នាក់ ហើយបានរត់គេចខ្លួនពីកម្ពុជាទៅស្នាក់នៅឯក្រៅប្រទេសដោយបានប្រើប្រាស់លិខិតឆ្លងដែនជាពលរដ្ឋខ្មែរ។

យោងតាមលិខិតរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជូនទៅបណ្តាស្ថានទូតបរទេសនៅកម្ពុជា បានបញ្ជាក់ថា ជនមានពិរុទ្ធភាពចំនួន ១២នាក់ ដែលត្រូវបញ្ចប់សុពលភាពលិខិតឆ្លងដែននោះ មានដូចជា ៖ ១. លោក អេង ឆៃអ៊ាង ២. អ្នកស្រី មូរ សុខហួរ ៣. លោក ហូរ វ៉ាន់ ៤. លោក ឡុង រី៥. លោក សោ ចាន់ដេត ៦. លោក គង់ សភា ៧. លោក វ៉ាន់ ណារិទ្ធ ៨. លោក ដាង ចំរើន ៩. លោក ញឹម គិមញុល ១០. លោក ហេង ដាណារ៉ូ ១១. លោក អ៊ីសា ឧស្មាន និង១២. លោក ម៉ន ផល្លា។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង បានបញ្ជាក់នៅ ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា នេះថា ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា បានដាក់លិខិតជាផ្លូវការ ទៅកាន់ស្ថានទូតបរទេសប្រចាំកម្ពុជា ដើម្បីជូនដំណឹងពីការបញ្ចប់សុពលភាពលិខិតឆ្លងដែន របស់ ជនដែលមានទោសចំនួន ១២នាក់ ដែលជាសមាសសភាពអតីតមន្រ្តីអតីតគណបក្សប្រឆាំង ដោយ សារតែមានទោសតាមរយៈសាលក្រមរបស់តុលាការ និងមិនព្រមអនុវត្តទោសទៅតាមសាលក្រម រត់គេចទៅក្រៅប្រទេសដោយប្រើលិខិតឆ្លងដែនខ្មែរ។

ក្នុងលិខិតដដែល ក្រសួងការ បរទេសក៏បាន បញ្ជាក់ពីបំណងនៃការបញ្ចប់សុពលភាពនេះថា ដើម្បីឲ្យប្រទេសដែលទទួលជនទាំងនោះស្នាក់នៅ អាចនឹងបញ្ជូនពួកគេត្រឡប់មកអនុវត្តទោសនៅកម្ពុជា វិញ ទៅតាមកិច្ចព្រមព្រៀង បើសិនជាពួក គេអត់បានប្រើលិខិតឆ្លងដែនប្រទេសផ្សេងដទៃទៀត៕