ខេត្តកំពត ៖ គណៈកម្មការអន្តរក្រសួង កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំ ត្រៀមរៀបចំពិធីបុណ្យសមុទ្រ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោកអភិបាល ខេត្តកំពត ព្រមទាំងមានការចូលរួមពីអនុប្រធាន សមាជិកគណៈ កម្មការ និងមន្ត្រីរាជការ ពាក់ព័ន្ធ។ កិច្ចប្រជុំនេះត្រូវបានរៀបចំធ្វើឡើងនៅសាលាខេត្តកំពត។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះ ដំណើរការរៀបចំកិច្ចការងារនានា សម្រេចបានប្រមាណជាង ៨០% ហើយ ក្នុងនោះមាន ដូចជាកិច្ចការតុបតែងលម្អតាម ទីសាធារណៈ សួនច្បារ ការជួសជុលហេដ្ឋារចនាសម្ពន្ធ ផ្លូវថ្នល់ ការបំពាក់និងបន្ថែមភ្លើង បំភ្លឺក្នុងទីក្រុង ការរៀបចំវិថីម្ហូបអាហារ (Food Street) ការរៀបចំគោលដៅទេសចរណ៍ នានាជុំវិញខេត្ត ពិសេសតាមព្រែកទឹកឈូ ឬព្រែកកំពង់បាយ ភ្នំបូកគោ ស្រែអំបិល តំបន់កសិទេសចរណ៍ចម្ការម្រេច តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សហគមន៍ទេសចរណ៍ មួយចំនួន ព្រមទាំងគោលដៅទេសចរណ៍នៅខេត្តកែបផងដែរ។
លោករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរពីបញ្ហាផ្លូវធ្វើដំណើរពីរាជធានីភ្នំពេញមក កាន់ខេត្ត កំពត និងពីខេត្តកំពតទៅកាន់គោលដៅនានាមួយចំនួនទៀត ដោយលោកបាន ស្នើអាជ្ញាធរ ខេត្ត មន្ទីរ និងក្រសួងសាធារណការ ជួយពន្លឿនការជួសជុលផ្លូវជាតិលេខ៣ លេខ៣៣ និងផ្លូវនានាជាច្រើនទៀត យ៉ាងហោចណាស់ក៏សុំរៀបចំត្រឹមឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ធ្វើដំណើរបានសមរម្យ នៅមុនពេលបុណ្យសមុទ្រមកដល់។
ទន្ទឹមនោះលោករដ្ឋមន្ត្រី ថោង ខុន បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយ ដ្ឋាន អាហារដ្ឋានទាំងអស់ក្នុងខេត្តកំពត សូមកុំមានការដំឡើងថ្លៃសេវា និងទំនិញរបស់ខ្លួន ថ្លៃហួសហេតុពេក ពិសេសត្រូវបើកឱ្យមានការទទួលការកក់កន្លែងស្នាក់នៅឡើងវិញ ដើម្បីសម្រួលដល់ការស្នាក់នៅរបស់ភ្ញៀវទេសចរ ក្រុមមន្ត្រីដែលចូលរួមរៀបចំពិធីបុណ្យ សមុទ្រ ក្រុមសិល្បករ កីឡាករជាដើម។
លោករដ្ឋមន្ត្រីក៏បានបង្ហាញនូវក្តីរំពឹងទុកថា ភ្ញៀវទេសចរដែលនឹងមកចូលរួមលេង កម្សាន្តក្នុង ពិធីបុណ្យសមុទ្រនៅខេត្តកំពតខាងមុខនេះ នឹងមានចំនួនច្រើនកុះករជាងឆ្នាំកន្លង ទៅ ខណៈប្រទេសជាតិកំពុងមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់ វិស័យ ខណដែលប្រជាពលរដ្ឋក៏កាន់តែមានភាពជីវភាពធូរធារ និងចង់ចេញដើរកម្សាន្ត កាន់តែច្រើន ឡើងៗ។
សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត នឹងប្រារព្ធធ្វើឡើងរយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត៕