ភ្នំពេញ៖លោក ឈាង វុន នៅថ្ងៃទី៣ កក្កដានេះ បានប្រតិកម្មដោយចំអកធ្ងន់ៗទៅនឹងករណីដែលលោក អ៊ុំ សំអាន ធ្វើការទាមទារឲ្យរូបលោកសុំទោសជាសាធារណៈចំពោះការរំលោភលើសិទ្ធិតំណាងរាស្ត្រ។
ជាថ្មីទៀត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានបញ្ចេញប្រតិកម្ម និងទាមទារឲ្យលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចបរទេសរដ្ឋសភា និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងជាអ្នកនាំពាក្យរដ្ឋសភា សុំទោសជាសាធារណៈ ចំពោះការរំលោភលើអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រ ប៉ុន្តែលោក ឈាង វុន បញ្ជាក់ថា លោកគ្មានពេលឆ្គួតជាមួយលោក អ៊ុំ សំអាន នោះទេ។
លោក អ៊ុំ សំអាន បានអះអាងថា លោកនឹងដាក់លិខិត ទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដោយទាមទារឲ្យលោក ឈាង វុន សុំទោសជាសាធារណៈ ចំពោះរូបលោកពាក់ព័ន្ធនឹងករណីមិនអនុញ្ញាតឲ្យលោកផ្តល់បទសម្ភាសន៍ ទៅកាន់អ្នកសារព័ត៌មាន នៅវិមានរដ្ឋសភា និងស្នើឲ្យសភាស្តីបន្ទោសលោក ឈាង វុន ចំពោះការប្រព្រឹត្តទង្វើដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
ជាការឆ្លើយតប នៅរសៀលថ្ងៃទី០៣កក្កដានេះ លោក ឈាង វុន បានបញ្ជាក់ថា លោកគ្មានពេលវេលាទៅឆ្គួត ជាមួយលោក អ៊ុំ សំអាន នោះឡើយ ហើយស្នើកុំឲ្យលោក អ៊ុំ សំអាន បញ្ចេញអាកប្បកិរិយាថោកទាប ដាក់រូបលោក ដែលទង្វើនេះមិនអាចទទួលយកបានទេ។
ជាមួយគ្នានេះ លោក ឈាង វុន ក៏បានបកស្រាយថា ការដែលលោកមិនអនុញ្ញាតឲ្យ លោក អ៊ុំ សំអាន ផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែត ព្រោះជាវេទិកាដែលលោកបានរៀបចំ ហើយលោក អ៊ុំ សំអាន ជាអ្នកមកជ្រៀតជ្រែតកិច្ចសម្ភាសន៍ និងមិនបានសុំការអនុញ្ញាត ពីប្រធានរដ្ឋសភាទៀតផង។ ដូច្នេះលោក មិនអាចឲ្យលោក អ៊ុំ សំអាន ខ្ចីវេទិកានេះធ្វើសន្និសីទ ដែលខុសនឹងសេចក្តីសម្រេចរបស់ប្រធានរដ្ឋសភានោះឡើយ៕ដោយ៖ខេមរៈ