ភ្នំពេញ ៖ លោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកកបានថ្លែងនូវការកោតសរសើរ និងអបអរសាទរចំពោះការរីកចំរើននៅប្រទេសកម្ពុជា ហើយក្នុងអំឡុងបេសកម្មរបស់អ្នកស្រីនៅកម្ពុជានេះអ្នកស្រីនឹងខិតខំធ្វើយ៉ាងណាឲ្យទំនាក់ទំនងទ្វេភាគី រវាងប្រទេសស្វីសនិងកម្ពុជាកាន់តែរីកចំរើនបន្ថែមទៀត។
ការថ្លែងបែបនេះរបស់លោកស្រីធ្វើឡើងនារសៀលម្សិលមិញ ក្នុងឱកាសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោកស្រីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។
លោកស្រីឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅកម្ពុជាបានសម្តែងការអបអរ សាទរចំពោះការវិវឌ្ឍរបស់កម្ពុជាក្នុងរយៈពេលចុងក្រោយនេះជាពិសេសគឺការកាត់បន្ថយភាព ក្រីក្រនេះតែម្តង ហើយរដ្ឋាភិបាលស្វីសនៅបន្តជួយជានិច្ចក្នុងការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ លោកស្រីបានលើកឡើងទៀតថា រដ្ឋាភិបាលស្វីសនឹងបន្តជួយដល់រដ្ឋាភិបាលកម្ពុជាជា និច្ចពេលដែលរដ្ឋាភិបាលមានតម្រូវការអ្វីណាមួយដែលស្វីសអាចជួយបាន ហើយស្វីសក៏នឹង បន្តជួយគាំទ្រជានិច្ចចំពោះបញ្ហាបច្ចេកទេសណាមួយ សម្រាប់កំណែទម្រង់ថ្នាក់ក្រោមជាតិ។
ជាការឆ្លើយតបសម្តេចក្រឡាហោម ស ខេងក៏បានថ្លែងអំណរអគុណចំពោះរដ្ឋាភិបាល ស្វីស ដែលបានជួយដល់កម្ពុជានាពេលកន្លងមក ហើយក៏ស្វាគមន៍ជានិច្ចចំពោះគម្រោងរបស់ រដ្ឋាភិបាលស្វីសសន្យាបន្តជួយដល់កម្ពុជាទៀត ជាពិសេសសម្រាប់កំណែទម្រងវិមជ្ឈការ និងសហវិមជ្ឈការនោះ។
សម្តេចក្រឡាហោម ស ខេងបានលើកឡើងប្រាប់លោកជំទាវ Helene Budliger Artieda ទៀតថា នាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកែ ទម្រង់ថ្នាក់ក្រោមជាតិដើម្បីផលប្រយោជន៍ប្រជាជននិងប្រទេសជាតិទាំងមូលនោះ ហើយកម្ពុជានឹងសូមស្វាគមន៍ជានិច្ច ចំពោះការជួយរបស់ស្វីសនិងប្រទេសជាមិត្តសម្រាប់គម្រោងមួយនេះ៕