ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជានៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានចេញសារាចរណែនាំមួយស្តីពីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលបានយាងសោយទិវង្គតនៅថ្ងៃនេះក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា កំណត់យកថ្ងៃទី២០ ខែវិច្ឆិកា ជាថ្ងៃកាន់ព្រះរាជមរណទុក្ខជាផ្លូវការ។
ក្នុងសារាចរនេះ រាជរដ្ឋាភិបាលបានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិ ហើយគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងការចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
សូមជម្រាបថា សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ៧រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់ ដោយព្រះរោគាពាធ៕