ភ្នំពេញ ៖ ថ្លែងក្នុងពិធីប្រារព្ធទិវាជាតិអេកូទេសចរណ៍លើកទី១ អមជាមួយពិធីប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ឆ្នាំ២០១៩-២០៣០ សម្តេចក្រឡាហោម ស ខេង បានជំរុញឲ្យស្ថាប័នចំនួន៣បង្កើនការបញ្ជ្រាបសកម្មភាពទេសចរណ៍ទៅក្នុងសហគមន៍នានាទៀតដើម្បីឲ្យសហគមន៍ទាំងនោះ ទទួលការទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិអញ្ជើញទៅទស្សនា ស្នាក់នៅកម្ពុជាបានយូរ ជាពិសេសការទទួលបានចំណូលទៅក្នុងសហគមន៍ និងបានទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត ពីវិស័យទេសចរណ៍។
ស្ថាប័នទាំង៣នោះរួមមាន ៖ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ បន្ថែមលើនេះសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធនានាបន្តសហការជាមួយក្រសួងទេសចរណ៍ ដើម្បីពង្រីកគោលដៅទេសចរណ៍នៅកម្ពុជាឲ្យបានច្រើន។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា នៅពេលបច្ចុប្បន្ននេះ ទូទាំងប្រទេសសហគមន៍មានច្បាប់អនុញ្ញាត ត្រឹមត្រូវមានប្រមាណជាង ២៣០០សហគមន៍ និងមានសក្ដានុពលក្នុងវិស័យទេសចរណ៍ ប៉ុន្តែនៅពេលនេះ មានសហគមន៍ប្រមាណតែ ជាង១២៥ប៉ុណ្ណោះ ដែលមានសកម្មភាពទេសចរណ៍ និងមានការផ្តល់សេវាល្អជូនភ្ញៀវទេសចរទៅទស្សនាកំសាន្ត។
ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម ស ខេង ក៏បានស្នើឲ្យវិស័យឯកជន ពិសេសបណ្តាធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិនិត្យពិចារណាបន្ធូរបន្ថយ អាត្រាការប្រាក់ ផ្តល់ប្រាក់កម្ចីជូនបណ្តាសហគមន៍នានា ដើម្បីអោយគេមានលទ្ធភាពពង្រីកសកម្មភាពទេសចរណ៍នៅក្នុងសហគមន៍របស់គេ៕