ភ្នំពេញ ៖ តាមការគ្រោងទុក នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ អ្នកវិនិយោគិន មកពីខេត្ត ហ៊ូណាន ប្រទេសចិន និង វិនិយោគិនកម្ពុជា នឹងរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ធ្វើការវិនិយោគក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ១៣០០លានដុល្លារ។
គម្រោងនេះត្រូវបាន ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក ទូ ជិនហោ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាធិការនៃគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្តចិន ខេត្តហ៊ូណាន កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា នេះ។ លោក កុយ គួង បានមានប្រសាសន៍ថា លោក ទូ ជិនហោ បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំកម្ពុជា គ្រប់លំដាប់ថ្នាក់ ដែលបានទទួលស្វាគមន៍ ដោយភាពកក់ក្ដៅ ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានាពេលនេះ ។
លោក ទូ ជិនហោ បញ្ជាក់ថា លោកមកកម្ពុជាពេលនេះគឺនាំគណៈប្រតិភូជាច្រើន ក្នុងនោះមានក្រុមហ៊ុនធំៗ បានមកសិក្សា និងពិនិត្យពីសក្ដានុពលផ្នែកសេដ្ឋកិច្ច ដោយផ្ដោតសំខាន់វិស័យឧស្សាហកម្ម កសិកម្ម គ្រឿងយន្តឧស្សាហកម្មនិងកសិកម្មព្រមទាំងវិស័យផ្សេងៗជាច្រើនទៀត។
លោកអ្នកនាំពាក្យបានគូសបញ្ជាក់ទៀតថា ខេត្តហ៊ូណាន ជាខេត្តភាគកណ្ដាល ប្រទេសចិន ដែលមានប្រជាជនប្រមាណ៧៣លាននាក់ និងផលទុនសរុបក្នុងខេត្តនេះ មានប្រមាណ ៥៥.០០០លានដុល្លារ ។ វិនិយោគិនខេត្តហ៊ូណាន បានមើលឃើញពីសក្ដានុពល នៅប្រទេសកម្ពុជា ច្រើនណាស់ ហើយអ្វីដែលវិនិយោគិនទុកចិត្តខ្លាំងនោះ គឺកម្ពុជាមានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សទៀតផង ។
ទន្ទឹមគ្នានោះ ប្រធានប្រតិភូក៏បានអញ្ជើញ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅទស្សនកិច្ចផ្លូវការ នៅខេត្តហ៊ូណាន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ នូវ ការអភិវឌ្ឍន៍ នៅក្នុងខេត្តនេះ ក៏ដូចជាប្រទេសចិន ។ ឯកឧត្តម ឧបនាយករដ្ឋ មន្ត្រី ក៏បានទទួលនូវការអញ្ជើញនេះ ហើយនឹងរកពេលវេលាសមស្របណាមួយ ដើម្បីទៅបំពេញទស្សនកិច្ចនៅទីនោះ ។
ទាក់ទិននឹងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលកន្លងមកនេះត្រូវបាន ឯកឧត្តមថ្លែងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន ឆ្នាំ២០១៧ មានទំហំទឹកប្រាក់ចំនួន ៥៥៧៧ លានដុល្លារ ហើយក្នុងឆ្នាំ២០១៨ មានការកើនឡើងរហូតដល់ ៦៦០០លានដុល្លារ ។ចំពោះទំហំទឹកប្រាក់វិនិយោគនៅកម្ពុជា ក្នុងឆ្នាំ២០១៧ មានចំនួន១៦០០លានដុល្លារ ហើយឆ្នាំ២០១៨ មានការកើនឡើងទ្វេដងរហូតដល់ ៣៥៩៤លានដុល្លារ៕