បរទេស ៖ រដ្ឋបាលលោកដូណាល់ត្រាំ បានចេញការបន្តពេលវេលារយៈពេល ៩០ថ្ងៃ ដែល អនុញ្ញាត ឱ្យក្រុមហ៊ុនសហរដ្ឋអាមេរិក បន្តធ្វើអាជីវកម្ម ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ខណៈដែលនិយ័តករអាមេរិក នៅតែបន្តរៀបចំច្បាប់ ស្តីពីក្រុមហ៊ុនទូរគមនាគមន៍ ដែលបង្កហានិភ័យដល់សន្តិសុខជាតិ។
បន្ទាប់ពីបានបញ្ចូលក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅសេដ្ឋកិច្ច កាលពីខែឧសភា ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ ក្រសួងពាណិជ្ជកម្មអាមេរិក បានអនុញ្ញាតឱ្យក្រុមហ៊ុននេះ ទិញទំនិញដែលផលិតនៅអាមេរិកមួយចំនួន ក្នុងការបន្តអាជ្ញាប័ណ្ណរយៈពេល ៩០ ថ្ងៃ ក្នុងគោលបំណងកាត់បន្ថយការបង្អាក់ដល់អតិថិជនរបស់ខ្លួន ដែលធ្វើប្រតិបត្តិការបណ្តាញ នៅតំបន់ជនបទ សហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍អំពីការពន្យារពេល ៩០ ថ្ងៃ ដែលបានគ្រោងទុក បន្ទាប់ពីរដ្ឋបាលលោកត្រាំ ដើមឡើយបានគ្រោងធ្វើការលើកលែង រយៈពេលពីរសប្តាហ៍ ប៉ុន្តែ បានជ្រើសរើសយកការពន្យារពេល ៩០ ថ្ងៃវិញ។ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម អាមេរិក លោកវីលប៊រ រ៉ូស បាននិយាយថា ការពន្យាអាជ្ញាប័ណ្ណទូទៅបណ្តោះអាសន្ន នឹង អនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូន បន្តផ្តល់សេវាកម្ម ដល់អតិថិជននៅតំបន់ដាច់ស្រយាល មួយចំនួន របស់សហរដ្ឋអាមេរិក។ ដូច្នេះក្រសួង នឹងបន្តត្រួតពិនិត្យយ៉ាងតឹងរឹង នូវការនាំ ចេញបច្ចេកវិទ្យា ដើម្បីធានាថា ការច្នៃប្រឌិត មិនត្រូវបានយកមកប្រើប្រាស់ដោយអ្នក ដែល គំរាមកំហែងដល់សន្តិសុខជាតិឡើយ។
កាលពីខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានចុះហត្ថលេ ខា លើបទបញ្ជាប្រតិបត្តិប្រកាសអាសន្នជាតិ និងរារាំងក្រុមហ៊ុនអាមេរិក មិនឱ្យប្រើប្រាស់ ឧបករណ៍ទូរគមនាគមន៍ ផលិតដោយក្រុមហ៊ុន បង្កហានិភ័យដល់សន្តិសុខជាតិ ។ ការពន្យាពេលនេះ ធ្វើឡើង ចំពេលមានការពិភាក្សា រវាងសហរដ្ឋអាមេរិក និង ប្រទេសចិន ក្នុងគោលបំណង ដើម្បីឈានដល់កិច្ចព្រមព្រៀងដំបូង ដើម្បីដោះស្រាយសង្គ្រាមពាណិជ្ជកម្ម ដែលបានអូសបន្លាយ រយៈពេលជាងមួយឆ្នាំមកនេះ។