ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានទទួលជួប លោក ហូស្សេ ឌឺ វីនេហ្សៀ (Jose de Venecia) អតីតប្រធានសភាហ្វីលីពីន និងជាប្រធានស្ថាបនិកសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៊ី (ICAPP) នៅវិមានសន្តិភាព។
លោក Jose de Venecia បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះរូប លោកនិងគណៈប្រតិភូ និងទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ។ លោកបានកោតសរសើរ ចំពោះការដឹកនាំ របស់សម្ដេចតេជោ ដែលបានធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើន យ៉ាងឆាប់រហ័ស លើគ្រប់វិស័យ។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរ សម្តេចតេជោដែលដឹកនាំកម្ពុជា ឲ្យមានសុខសន្តិភាព និងមានការរីកចម្រើន ធ្វើឲ្យកម្ពុជា ជាប្រទេសគំរូមួយ ដែលមានសុខសន្តិភាព មានការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី មានរដ្ឋាបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ និងក្រោមម្លប់ព្រះមហាក្សត្រតែមួយ ហើយប្រតិភូទាំងអស់ បានចាត់ទុកសម្ដេច ជាវីរៈជនគំរូមួយ ចំពោះការដឹកនាំនៅកម្ពុជា។
លោក Jose de Venecia បានជម្រាបជូនសម្ដេចតេជោដែរថា នៅក្នុងខែវិច្ឆិកា ឆ្នាំក្រោយ នឹងមានការប្រារព្ធខួប២០ឆ្នាំ របស់ ICAPP ក្នុងន័យនេះ លោកបានអញ្ជើញសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលជាស្ថាបនិក នៃការបង្រួបបង្រួមជាតិនៅកម្ពុជា ដើម្បីចូលរួមថ្លែងសន្ទរកថា ដែលធ្វើឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសន្យាថា នឹងអញ្ជើញទៅចូលរួម ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី២០នេះ ដើម្បីចូលរួម ថ្លែងសន្ទរកថាគន្លឹះមួយ បង្ហាញអំពីបទពិសោធន៍ ក្នុងការដឹកនាំប្រទេសពីសង្គ្រាមហែកហួរ ពីប្រទេសខ្ទេចខ្ទាំ ដល់កម្រិតសូន្យ មកជាប្រទេសមានសុខសន្តិភាព មានការរីកចម្រើន លើគ្រប់វិស័យនាពេលសព្វថ្ងៃ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការវាយតម្លៃនេះ និងជូនពរលោកប្រធាន (ICAPP) និងគណៈប្រតិភូជួបសំណាងល្អ ជោគជ័យការងារជាបន្តបន្ទាប់៕