សម្តេចតេជោ ៖ កម្ពុជាបានត្រៀមរួចហើយចំពោះការព្យួរ ឬដកប្រព័ន្ធអនុគ្រោះពន្ធណាមួយពីអឺរ៉ុប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2019 ក+ ក-

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ទោះបីជាអង្ករកម្ពុជាត្រូវបានដាក់ពន្ធពីសំណាក់អឺរ៉ុបក្តី ក៏អង្កររបស់កម្ពុជា នៅតែមានវត្តមានលើទីផ្សារអឺរ៉ុបដោយគ្មានការថមថយទេ។ សម្តេចបានពន្យល់ផងដែរថា កម្ពុជា បានត្រៀមខ្លួនតាំងពីខែមីនា កន្លងទៅម្ល៉េះ ដើម្បីដោះស្រាយបញ្ហានេះ ហើយសម្តេចក៏បានថ្លែងដោយចំហថា អំណឹះតទៅ អឺរ៉ុប មិនអាចយកបញ្ហាសិទ្ធិមនុស្សមកគំរាមកម្ពុជា បានតទៅទៀតនោះឡើយ។

ថ្លែងនៅក្នុងពិធីសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៏ថា ប្រទេសនៅអឺរ៉ុបចំនួន២៣ នៅក្នុងចំណោម២៨ប្រទេសនៅអឺរ៉ុប នៅតែបន្តទិញអង្ករពីកម្ពុជា ដោយគ្មានការបាត់បង់ទីផ្សារនោះឡើយ។ អឺរ៉ុបដាក់ពន្ធលើអង្ករកម្ពុជា គឺមិនមានពាក់ព័ន្ធទៅនឹងបញ្ហានៃប្រព័ន្ធអនុគ្រោះពន្ធ EBA នោះទេ ប៉ុន្តែគឺដោយសារតែអ៊ីតាលី និងអេស្ប៉ាញ ជាអ្នកស្នើទៅអឺរ៉ុប ដើម្បីដាក់ពន្ធអង្ករកម្ពុជា ដោយសារអ៊ីតាលី និង អេស្ប៉ាញជាប្រទេសផលិតអង្ករដែរ តែលក់មិនដាច់ដូចអង្ករកម្ពុជា ។

សម្តេចតេជោ បានបញ្ជាក់ដែរថា អឺរ៉ុបកំពុងជួបនូវបញ្ហាជាច្រើន ដែលកំពុងដោះស្រាយ ហើយសូម្បីអឺរ៉ុបខ្លួនឯង ក៏មិនអាចអនុវត្តពេញលេញនូវបញ្ហាសិទ្ធិមនុស្សបានដែរ។ អឺរ៉ុបមិនមែនគំរាមតែកម្ពុជានោះទេ អឺរ៉ុបក៏បានគម្រាមហ្វីលីពីន មីយ៉ាន់ម៉ា លើបញ្ហាសិទ្ធិមនុស្ស នឹងគំរាមឥណ្ឌូនេស៊ី ម៉ាឡេស៊ី លើបញ្ហាដូងប្រេង និងបញ្ហាបរិស្ថានជាដើម។

គួរបញ្ជាក់ថា សហភាពអឺរ៉ុប ផ្តើមនីតិវិធីដំបូងស្តីពីការដកឬមិន EBA នេះ តាំងពីខែកុម្ភៈ ឆ្នាំ២០១៩ ។ មូលហេតុចម្បងដែលសហភាពអឺរ៉ុប បង្ហាញបំណងចង់ដក EBA គឺដោយសារតែមិនសូវពេញចិត្តនឹងស្ថានការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយសហភាពអឺរ៉ុប ទើបនឹងចេញរបាយការណ៍បឋមស្តីពីនីតិវិធីនៃការដក ឬមិនដក EBA និងបានផ្ញើមកកាន់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយទុករយៈពេល១ខែ ឲ្យរដ្ឋាភិបាលកម្ពុជា ប្រតិកម្មនឹងរបាយការណ៍នោះ។ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២០ សហភាពអឺរ៉ុប នឹងចេញរបាយការណ៍ចុងក្រោយ ហើយក៏នឹងធ្វើសេចក្តីសម្រេចចុងក្រោយផងដែរថាតើត្រូវដក EBA ឬបន្តរក្សាទុកសម្រាប់កម្ពុជា ៕