រតនគិរី៖ យុវជនម្នាក់បានដាច់ខ្យល់ស្លាប់ ខណៈគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីរងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តមិនស្គាល់ម៉ាកបុកពេលរំលងអធ្រាត្រ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១:៤០នាទីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅត្រង់ផ្លូវបំបែកជា៤ មុខស្ថានីយប្រេង ក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបើកបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យយុវជនរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តរតនគិរី តែដោយសាររបួសធ្ងន់ធ្ងរពេកយុវជនរងគ្រោះបានដាច់ខ្យល់ស្លាប់។
តាមកំណត់ហេតុរបស់នគរបាលខេត្តរតនគិរី បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រហ្ម ពិសិដ្ឋ អាយុ២២ឆ្នាំ ជាកម្មករ មានទីលំនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង បានស្លាប់ខណះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកឯរថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ បន្សល់ទុកតែកាងរថយន្ត និងស្តុបធ្លាក់រប៉ាត់រប៉ាយនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។
សពជនរងគ្រោះ ត្រូវបាននគរបាលចរាចរណ៍នៃស្នងការនគរបាលខេត្ត ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ទោះជាយ៉ាណាក្តី សមត្ថកិច្ចអាចមានតម្រុយខ្លះៗហើយ និងកំពុងតែធ្វើការស្រាវជ្រាវតាមរករថយន្តបង្កហេតុ ដើម្បីយកមកដោះស្រាយតាមផ្លូវច្បាប់ ៕ដោយ៖សារ៉េត