ប៉ោយប៉ែត ៖ ស្រ្តីវ័យ៤០ឆ្នាំម្នាក់ បានចូលព្យាបាលជំងឺ បានបែកពពុះមាត់ស្លាប់នៅគ្លីនិកឯកជនមួយឈ្មោះ គ្លីនិក សុខាប៉ោយប៉ែត មានវេជ្ជបណ្ឌិតឈ្នោះ វ៉ាន់ ចេស កាលពីយប់ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៩ ឋិតនៅភូមិ បាលិលេយ្យ១ សង្កាត់ -ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមការអះអាងរបស់សាច់ញាតិស្ត្រី រងគ្រោះ។
ស្ត្រីរងគ្រោះមានឈ្មោះ ទេព ចន្តា អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពពីសាច់ញាតិនៃសពបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះមានអាការៈធីងធោងអស់កម្លាំងខ្លាំងគ្រានោះសាច់ញាតិបានដឹកទៅក្នុងគ្លឹនិកខាងលើ ហើយត្រូវគ្រូពេទ្យ និពិនិត្យ ព្យាបាលដោយដាក់សេរ៉ូមផងដែរ មួយសន្ទុះក្រោយមក ស្រាប់តែស្ត្រីរងគ្រោះមានអាការៈមិនស្រួលខ្លាំង និងបែកពពុះមាត់។ ភ្លាមៗនោះ ក្រុមគ្រូពេទ្យក្នុងគ្លីនិកខាងលើ បានជំរុញឲ្យដឹកបញ្ជូនបន្តទៅមន្ទីពេទ្យបង្អែកដីថ្មី ដើម្បីបំភ័ន្តភ្នែកបញ្ចៀសពីការទទួលខុសត្រូវ នៅវេលាម៉ោង ២៣និង១០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះក៏ដាច់ខ្យល់ស្លាប់តែម្ដង ដែលគេអាចសង្ស័យថា ប្រតិកម្មថ្នាំ និងសេរ៉ួមដែលគ្លិនិកខាងលើ បានព្យាបាល។
ប្រភពព័ត៌មានមួយផ្សេងទៀតបានឲ្យដឹងថា កាលពីប៉ុន្មានឆ្នាំមុន កូនអធិការរងម្នាក់ក៏បានស្លាប់ក្នុងគ្លីនិក សុខាប៉ោយប៉ែត នេះដែរ ហើយកាលណោះភាគីទាំងពីរ បានសម្របសម្រួលគ្នានៅក្រៅប្រព័ន្ធច្បាប់ស្ងប់ស្ងាត់បាត់ទៅ តែគេឃើញគ្លីនិកដដែលនេះ នៅបន្តបើកដំណើរការរហូតមកដល់ពេលនេះ ក៏ធ្វើឲ្យស្ត្រីរងគ្រោះខាងលើនេះបានស្លាប់ម្នាក់ទៀត ។នៅក្នុងទីក្រុងប៉ោយប៉ែតគេឃើញមានគ្លីនិកដែលគ្មានបច្ចេកទេសត្រឹមត្រូវភាគច្រើន ដែលធ្វើឲ្យពលរដ្ឋឈមនិងប៉ះពាល់សុខភាពនិងបាត់បង់ជីវិតព្រោះតែគ្មានវិធានការពីមន្ទីសុខាភិបាលខេត្តបណ្ដោយឲ្យបើកលក់ថ្នាំគ្រប់កន្លែងបែបអាណាធិប្បតេយ្យ។
សពស្ត្រីខាងលើត្រូវបានសាច់ញាតិដឹកមកធ្វើបុណ្យតាមគន្លងប្រពៃណី ដែលក្នុងឱកាសនោះ ម្ចាស់គ្លីនិក ក៏បានមកទទួលសារភាពកំហុសចំពោះសាច់ញាតិផងដែរ ដោយស្នើមិនឲ្យមានការប្ដឹងផ្ដល់ និងមិនឲ្យទម្លាយព័ត៌មានដ៏អាស្រូវនេះប្រាប់អ្នកណានោះឡើយ។
ជុំវិញករណីខាងលើនេះ ម្ចាស់គ្លីនិក សុខាប៉ោយប៉ែត បានបដិសេធប្រាប់ភ្នាក់ងារព័ត៌មានថា ស្ត្រីខាងលើ គាត់ស្លាប់នៅមន្ទីរពេទ្យបង្អែក មិនមែនស្លាប់នៅក្នុងគ្លីនិករបស់ខ្លួនឡើយ ដោយជំរុញឲ្យសួរទៅមន្ទីរពេទ្យ បង្អែកផ្ទាល់ ហើយថាកំពុងជាប់រវល់ប្រជុំ។ យ៉ាងណាក៏ដោយ ករណីគ្លីនិកឯកជននៅក្រុងប៉ោយប៉ែត មួយចំនួន ដែលធ្វើឲ្យអ្នកជំងឺស្លាប់ ច្រើនតែបង្វែរកំហុសទៅអ្នកជំងឺវិញ ឬក៏ មន្ទីរពេទ្យបង្អែកដោយមិនទទួលខុសត្រូវនោះឡើយ ។
មជ្ឈដ្ឋានមួយចំនួន បានរង់ចាំមើលថា ម្ចាស់គ្លីនិកខាងលើ នឹងមានទោសដែរទេ ឬបានត្រឹមតែដោះស្រាយគ្នាក្រៅប្រព័ន្ធច្បាប់ហើយរួចខ្លួន រួចបន្តបើកដំណើរការដូចលើកមុនៗដដែល។
ទាក់ទិននឹងបញ្ហានេះដែរ លោកប្រធានសុខាភិបាលខេត្តបន្ទាយមានជ័យ កែវ សុភ័ត្ត្រា ប្រាប់តាមទូរសព្ទថា លោកមិនទានទទួលព័ត៏មានខាងលើនេះទេ ព្រោះលោកកំពុងនៅទីក្រុងភ្នំពេញ ចាំលោកទៅពីភ្នំពេញវិញ នឺងស្រាវជ្រាវថា តើព័ត៌មាននោះវាបែបណា ?៕