អភិបាលខេត្តកំពង់ចាម ៖ រាជរដ្ឋាភិបាល លើកទឹកចិត្តការវិនិយោគវិស័យអប់រំ ផ្លូវ ទឹក អគ្គិសនី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2019 ក+ ក-

ដោយ ៖ ប៉ែន សុផល

ខេត្តកំពង់ចាម ៖ អភិបាលនៃគណៈ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា តាមរយៈយុទ្ធសាស្រ្តចតុកោណកន្លងទៅនេះ រាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការវិនិយោគក្នុងវិស័យ ធនធានមនុស្ស ផ្លូវ ទឹក អគ្គិសនី ក៏ប៉ុន្តែ ក្នុងយុគសម័យ សេដ្ឋកិច្ចពុទ្ធិ និងបច្ចេកវិទ្យាព័ត៌មានឧត្តមភាពប្រកួតប្រជែងនេះ តម្រូវ ការ “ មូលធនមនុស្ស ” មាន ចំណេះដឹងទូលំទូលាយ ចេះច្នៃប្រឌិត និងមានជំនាញ ច្បាស់លាស់ នៅតែជាភាពចាំបាច់មួយទៀត។ ក្នុងន័យនេះហើយ ដែលរាជរដ្ឋាភិបាលតាំងពីដើមរៀង រហូតមកជានិច្ចកាល តែងតែចាត់ទុកការសិក្សា ស្រាវជ្រាវ គឺជាវិស័យអាទិភាព និងជាកូនសោដ៏សំខាន់សម្រាប់ការលើកកម្ពស់ផលិតភាពការងារ ដើម្បី ធានាបាននូវភាពជោគជ័យនៃដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍នៃសកលភាវូបនីយកម្ម និងការលូតលាស់នៃបច្ចេកវិទ្យាព័ត៌មានដ៏ខ្លាំងក្លានាពេលបច្ចុប្បន្ននេះ។ ការថ្លែងយ៉ាងដូច្នេះ ក្នុងពិធីបើកសន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៅវិទ្យាស្ថានជាតិកសិកម្ម ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោក អភិបាលខេត្ត បានថ្លែងបន្តថា ការងារស្រាវ ជ្រាវវិទ្យាសាស្រ្តកសិកម្ម និងអភិវឌ្ឍន៍ជនបទ គឺជាចំណែកមួយនៃការវិនិយោគសាធារណៈដែលត្រូវចំណាយ ធនធាន និងពេលវេលាយ៉ាងយូរ ហើយត្រូវតស៊ូព្យាយាម និងអត់ធ្មត់កម្រិតខ្ពស់ថែមទៀត ទើបយើងអាចទទួលបានផ្លែផ្កា។ ការទទួលបានផ្លែផ្កាជាទូទៅមាន លក្ខណៈអរូបីយ ហើយជួនកាលយើងត្រូវរង់ចាំអស់រយៈពេលយ៉ាងយូរ ទើបផ្លែផ្កានោះអាចលេចចេញជា រូបរាង្គយ៉ាងពិតប្រាកដ៏។ ជាក់ស្តែងថ្មីកន្លងមកនេះ តាមរយៈធនធានដែលបានពីការអប់រំ-បណ្តុះបណ្តាលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៍បានខិតខំជម្រុញឱ្យពួកគាត់ផ្ទេរនូវបច្ចេកវិទ្យាទៅដល់កសិករ ដើម្បីធ្វើ ឲ្យកំណើនផលិតផលកសិកម្ម កើនឡើងទាំងទិន្នផល និងគុណភាព លើសអំពីតម្រូវការទីផ្សារក្នុងស្រុក ជាបរិបទថ្មីមួយទៀតតម្រូវឲ្យវិទ្យាស្ថានសិក្សាបន្ថែមទៀតថា តើត្រូវរកទីផ្សារកសិផល ជូនប្រជាកសិករ កម្ពុជាដោយវិធីណា? ដើម្បីធានាបាននិរន្តរភាពផលិតកម្មកសិកម្ម ធានាបាននូវជីភាពកសិករឱ្យកាន់ ប្រសើរឡើងផងដែរ ៕