ភ្នំពេញ៖ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន បានសម្ដែងនូវការសោកស្ដាយចំពោះឥរិយាបថប្រកបដោយភាពមិនសមរម្យរបស់លោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាបរបស់គណបក្សសង្គ្រោះជាតិ បានយកជើងជាន់ដោយចេតនា លើផែនទីផ្លូវការ ដែលជាមរតករបស់ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ជាមួយនឹងក្ដីប្រកាសមិនទទួលស្គាល់ផែនទីផ្លូវការ ដែលបានតម្កល់នៅអង្គការសហប្រជាជាតិ ដោយអះអាងបន្ថែមថា ផែនទីជាផ្លូវការនេះ គូសដោយភាគីវៀតណាម។
នៅក្នុងលិខិតចំហររបស់លោក ផៃ ស៊ីផាន ផ្ញើជូនជនរួមជាតិទាំងមូលមានខ្លឹមសារទាំងស្រុងដូចតទៅ៖
“ ខ្ញុំ ផៃ ស៊ីផាន សូមសម្ដែងនូវការសោកស្ដាយចំពោះឥរិយាបថប្រកបដោយភាពមិនសមរម្យរបស់ អ្នកតំណាងរាស្ត្រ អ៊ុំ សំអាន មណ្ឌលសៀមរាប របស់គណបក្សសង្គ្រោះជាតិ បានយក ជើងជាន់ដោយចេតនាលើផែនទីផ្លូវការ ដែលជាមរតករបស់ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់ ជាមួយនិងក្ដីប្រកាសមិនទទួលស្គាល់ផែនទីផ្លូវការ ដែលបានតម្កល់នៅអង្គការ សហប្រជាជាតិ ដោយអះអាងបន្ថែមថា ផែនទីជាផ្លូវការនេះ គូសដោយភាគីវៀតណាម។ នៅក្នុងចំណុចនេះ ខ្ញុំសូមបញ្ជាក់ផងដែរថា ផែនទីមូលដ្ឋាននេះគឺត្រូវ បានរដ្ឋសភាអនុម័ត យល់ព្រមអនុញ្ញាតឲ្យ រាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា ប្រើប្រាស់ជាផ្លូវការក្នុងកិច្ច ពិភាក្សាការងារព្រំដែនជាមួយ ភាគីវៀតណាម”។
លោក ផៃ ស៊ីផាន បន្តថា “ខ្ញុំប្រាកដមិនអាចទទួលយកបាននូវសកម្មភាព និងពាក្យសម្ដីគ្មានការទទួលខុសត្រូវ ស្ដែងជាសាធារណៈ របស់អ្នកតំណាងរាស្ត្ររូបនេះ ដែលប្រមាថ និងវាយប្រហារលើដែន សមត្ថកិច្ច និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ដែលអាចធ្វើឲ្យ មានឧបសគ្គចំពោះ ការ ងារព្រំដែន រវាងប្រទេសទាំងពីរ ដែលបានប្រឌិតចោទថា “រាជរដ្ឋាភិបាលប្រើប្រាស់ផែនទី ផលិតដោយភាគីវៀតណាម”។ នេះជាការបំផុសនូវគំនិតញុះញ៉ុងប្រឆាំង និងរាជរដ្ឋាភិបាល នៅក្នុងទិសដៅសម្ងាត់ណាមួយ”។
លោក ផៃ ស៊ីផាន បន្តថា “ការងាររបស់រាជរដ្ឋាភិបាល គឺប្រកបដោយភាពខន្តី និងគោរពភាពជាដៃគូ របស់គណ បក្សសង្គ្រោះជាតិ ក្នុងកិច្ចពន្យល់ និងបកស្រាយរបស់ខ្លួន លើបញ្ហាព្រំដែនកម្ពុជា-វៀតណាម ជាច្រើនលើកមកហើយ ដែលរាប់ទាំងនៅក្នុង និងក្រៅរដ្ឋសភា ដែលបានផ្សព្វផ្សាយជាបន្តបន្ទាប់ គ្រប់រូបភាព រួមទាំង ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ប៉ុន្តែផលអវិជ្ជមាន និងល្បិចកល ប្រជាភិថុត នៅតែមានជាបន្តបន្ទាប់ ដែលពុំអាចទទួលយកបាន”។
លោក ផៃ ស៊ីផាន បន្ថែមថា “ខ្លួនខ្ញុំផ្ទាល់ ទោះជាយ៉ាងណាក្ដី នៅតែសង្ឃឹមយ៉ាងមុតមាំចំពោះកិច្ចសហការប្រកប ដោយភាពថ្លៃថ្នូរ និងសុចរិតក្នុងភាពជាដៃគូរបស់គណបក្សសង្គ្រោះជាតិ ថានឹងទទួលបាននូវផលវិជ្ជមាន ក្នុងទិសដៅផលប្រយោជន៍ជាតិតែមួយរបស់យើងទាំង អស់គ្នា ក្នុងកិច្ចការថែរក្សាបូរណភាពទឹកដី ជាមួយនឹងការងារបោះ បង្គោលព្រំដែន និងក្រិតខ្សែបន្ទាន់ព្រំដែនជាក់ស្ដែងនៅលើធរណី”។
ទោះជាយ៉ាងនេះក្តី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានបដិសេធថាលោកមិនបានដើរជាន់ផែនទីនៅទីស្តីការគណៈរដ្ឋមន្ត្រី ដូចការចោទប្រកាន់ និងការចុះផ្សាយនៅលើសារព័ត៌មានក្នុងស្រុកនោះទេ៕ដោយ៖ខេមរៈ