ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយអភិបាលក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េខាងត្បូង ដោយស្នើឲ្យជួយបង្កើនកិច្ចសហប្រតិបត្តិការជាមួយរាជធានីភ្នំពេញ លើការងារបង្កើតទីក្រុងឆ្លាតវៃ ការគ្រប់គ្រងទីក្រុង និងការគ្រប់គ្រងទឹកកខ្វក់។ ការស្នើនឹង ត្រូវបានធ្វើឡើងនៅក្នុងជំនួបជាមួយអភិបាលក្រុងប៊ូសាន ។
នៅក្នុងជំនួបជាមួយ លោក អូ ខដុន (Oh Keo-don) អភិបាលក្រុងប៊ូសាន នៅព្រឹកថ្ងៃនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបទេសកម្ពុជា លោក ប្រាក់ សុខុន បានស្នើទៅកាន់អភិបាលក្រុងប៊ូសាន ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជធានីភ្នំពេញលើការងារសំខាន់ៗចំនួន៣ រួមមាន៖ ការបង្កើតទីក្រុងឆ្លាតវៃ (Smart City), ការរៀបចំទីក្រុង និងការគ្រប់គ្រងទឹកកខ្វក់។ នេះបើតាមបើតាមលោកជំទាវ អ៊ាត សោភា បានបញ្ជាក់ប្រាប់នៅក្រោយជំនួប។ ចំពោះសំណើទាំង៣នេះ ត្រូវបានអភិបាលក្រុងស្វាគមន៍ និងទទួលយក។ លោកអភិបាលក្រុងប៊ូសាន បានបង្ហាញពីបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការចំនួនពីរជាមួយកម្ពុជា គឺកិច្ចសហប្រតិបត្តិការលើវិស័យកំពង់ផែ (ទីក្រុងប៊ូសានជាទីក្រុងមានកំពង់ផែដ៏ធំមួយនៅលើពិភពលោក និងការអភិវឌ្ឍវិស័យភាពយន្តជាមួយកម្ពុជា។
គួរកត់សំគាល់ដែរថា រាជធានីភ្នំពេញ និងទីក្រុងប៊ូសាន មានសម្ព័ន្ធមេត្រីភាពជាមួយគ្នារួចមកហើយនាពេលកន្លងមក ថែមទាំង បានបង្កើនកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ផងដែរ។
ក្រៅពីនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើឲ្យអភិបាលក្រុងប៊ូសាន ជួយយកចិត្តទុកដាក់បន្ថែមទៀតលើសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការ និងស្នាក់នៅក្នុងទីក្រុងប៊ូសាន គ្រាដែលពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅទីនោះ មានចំនួនជាង៩ពាន់នាក់។
ភាគីទាំងពីរ ក៏បានលើកឡើងនូវកិច្ចប្រជុំកំពូល និងរំលឹកខួបអនុស្សារីយ៏វាងអាស៊ាន និងកូរ៉េ ផងដែរ ដោយអភិបាលក្រុងប៊ូសាន បានលើកឡើងថា មានកម្មវិធីសំខាន់ៗចំនួន៥ត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរនូវទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េ ជាមួយអាស៊ាន។ កម្មវិធីអមកិច្ចប្រជុំកំពូលចំនួន៥រួមមាន៖ ១. កម្មវិធីមហោស្រពអាហារអាស៊ាន។ មហោស្រពអាហារអាស៊ាននេះ អភិបាលក្រុងប៊ូសាន បានអះអាងថា ស្តង់អាហាររបស់កម្ពុជាទទួលបានការចាប់អារម្មណ៍ ហើយប្រជាពលរដ្ឋកូរ៉េជាច្រើនបានចូលភ្លក្សអាហារ, ទី២. កម្មវិធីរៀបចំដាក់ឈ្មោះវិថីមួយប្រវែងប្រមាណ ២គីឡូម៉ែត្រស្ថិតជាប់មជ្ឈមណ្ឌលវប្បធម៌អាស៊ាន ដែលវិថីមានឈ្មោះថា «វិថីអាស៊ាន», ទី៣. កម្មវិធីអបអរសាទរទីក្រុងឆ្លាតវៃរបស់អាស៊ាន (Smart ASEAN CITY) ដែលក្នុងឱកាសនោះទីក្រុងប៊ូសាន បានបង្កើតទីក្រុងបច្ចេកវិទ្យាប៊ូសាន, ទី៤. កម្មវិធីបង្កើតមជ្ឈមណ្ឌលប្រជាជនបរទេសសម្រាប់ជនបរទេសមករស់នៅ និងធ្វើការនៅទីក្រុងប៊ូសាន ដែលមជ្ឈមណ្ឌលនេះជាកន្លែងបង្ហាញវប្បធម៌ និងផ្តល់ព័ត៌មានផ្សេងៗ និងទី៥. កម្មវិធីបង្កើតអង្គការភាពយន្តអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដែលគម្រោងបង្កើតអង្គការភាពយន្តអាស៊ាន-សាធារណរដ្ឋកូរ៉េនេះ នឹងត្រូវលើកឡើងសុំការអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន គាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសន្ទនា និងទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។ បន្ថែមពីលើនោះ សម្តេចតេជោ ហ៊ុន សែន ក៏ជាអ្នកជំរុញឱ្យមានកិច្ចពិភាក្សាកំពូលរវាងមេគង្គ និងសាធារណរដ្ឋកូរ៉េជាលើកដំបូង ដែលនឹងធ្វើឡើងនាពេលនេះផងដែរ៕