អាមេរិក ៖ លោក Michael Bloomberg ដែលជាមហាសេដ្ឋី និងជាអតីតអភិបាលក្រុងញ៊ូវយ៉ក បានចូលរួមប្រកួតប្រជែងឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ នៃគណបក្សប្រជាធិបតេយ្យ។ លោកថា ការចូលរួមប្រកួតប្រជែងនេះ គឺដើម្បីយកឈ្នះ លោក ដូណាល់ ត្រាំ បានស្រោចស្រង់អាមេរិកឡើងវិញ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនអាចទ្រាំមើលការដឹកនាំប្រទេសដោយធ្វេសប្រហែលរបស់លោក ដូណាល់ ត្រាំ ៤ឆ្នាំទៀតឡើយ។ គាត់តំណាងឱ្យការគំរាមអត្ថិភាពមួយ ចំពោះប្រទេសរបស់យើង ហើយគុណតម្លៃរបស់យើង។ ប្រសិនបើគាត់ឈ្នះដឹកនាំមួយអាណត្តិទៀត យើងប្រហែលគ្មានថ្ងៃស្រោចស្រង់ពីការបំផ្លិចបំផ្លាញនេះបានឡើយ»។
លោក Bloomberg បានប្តេជ្ញាថា នឹងយកឈ្នះការបោះឆ្នោតនេះឱ្យបាន ហើយចាប់ផ្តើមកសាងអាមេរិកឡើងវិញ។ លោកមានជំនឿថា បទពិសោធន៍ក្នុងមុខជំនួញ រដ្ឋាភិបាល និងភាពស្នេហាជាតិរបស់លោក នឹងអាចនាំឱ្យលោកទទួលបានជ័យជម្នះក្នុងការឈានទៅរកការដឹកនាំប្រទេស៕