ផ្ទុះមីនតោននៅជាយដែនបណ្តាលឱ្យអ្នកបើកបរយានយន្តច្រូតស្រូវរបួសដាច់ដៃម្ខាង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 November, 2019 ក+ ក-

បន្ទាយមានជ័យ : បុរសជាអ្នកបើកបរយានយន្តច្រូតស្រូវម្នាក់ ត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យប្រទេសថៃ ក្រោយពីរងរបួសជាទម្ងន់ដោយការផ្ទុះមីនតោន កាលពីវេលាម៉ោង៣ល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុច វាលស្រែមួយកន្លែង ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ។

យោងតាមសម្តីលោកវរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅបានប្រាប់ឲ្យដឹងថា ជនរងមានគ្រោះឈ្មោះ ជ្រុន ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិរកុំក្រោម ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង។

លោកវរសេនីយ៍ត្រី ជា ពិសី បានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះបាន និងកំពុងបើកម៉ាសីុនច្រូតស្រូវនៅក្នុងស្រែមួយកន្លែងដែលនៅឆ្ងាយពីភូមិប្រមាណជាប្រហែល ៨០០ម៉ែត្រ។លុះកំពុងតែច្រូតមិនទាន់បានប៉ុន្មានផង ស្រាប់តែបើកទៅកិនចំមីនតោនរួចក៏ផ្ទុះឡើងបណ្តាលអោយម៉ាស៊ីនច្រូតប៉ើងឡើងនិងក្រឡាប់បះជើងដាច់ច្រវ៉ាក់ រីឯអ្នកបើកបរប៉ើងធ្លាក់មកដីដាច់ដៃស្តាំរងរបួសធ្ងន់។ ក្រោយឮសំឡេងផ្ទុះខ្ទ័ររញ្ឆួយភូមិ បងប្អូនប្រជាពលរដ្ឋក្នុងភូមិក៏នាំគ្នារត់ទៅចោមរោមមើល និងជួយលើកជនរងគ្រោះដឹកទៅកាន់មន្ទីរពេទ្យ។ តែដោយស្ថានភាពរងរបួសមានលក្ខណៈធ្ងន់ធ្ងរក្រុមគ្រួពេទ្យក៏សម្រេចបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យស្រុកអារញ្ញ ខេត្តស្រះកេវ ប្រទេសថៃ វិញ។

សូមបញ្ជាក់ថា ចំណុចកន្លែងកើតហេតុ គឺជាសមរភូមិចាស់ ជាកន្លែងប្រទាញប្រទង់គ្នាយ៉ាងស្វិតស្វាញរវាងកងទ័ពរដ្ឋាភិបាលជាមួយកម្លាំងទ័ពរបបកម្ពុជាប្រជាធិបតេយ្យ ហើយមីនតោនត្រូវបានគេដាក់តាំងពេលនោះ ដើម្បីប្រឆាំងជាមួយរថពាសដែក និងការដឹកជញ្ជូនសព្វាវុធធុនធ្ងន់ ឬរថយន្តធំៗ ជាដើម៕