ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបំបែកសំណុំរឿងជនជាតិចិន ចាប់ជំរិតទារប្រាក់ចំនួន១០ម៉ឺនដុល្លារ ទៅលើជនជាតិចិនដូចគ្នា ហើយឈានដល់ចាប់ខ្លួនជនសង្ស័យ៥នាក់ និងរំដោះជនរងគ្រោះបាន២នាក់ នៅសណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងពីឈ្មោះ Zheng Gui Hu ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន រាយការណ៍ថា មានករណីបង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់បង្កឡើងដោយជនសង្ស័យជាជនជាតិចិន ចំនួន០៥នាក់ លើជនរងគ្រោះជាជនជាតិចិន ចំនួន០២នាក់។
ដោយមានការគោលការណ៍ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែននគរបាលយុត្តិធម៌, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់ឲ្យលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបភ្លាមៗ ក្រោមការសម្របសម្រួលពី លោក ខៀវ កូឡា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រោយទទួលបានបទបញ្ជាភ្លាមៗ លោកវរសេនីយ៍ឯក ខេង ម៉េងឈាង បានដឹកនាំកម្លាំងបើកការស្រាវជ្រាវ រហូតកំណត់បានទីតាំងលាក់ទុកជនរងគ្រោះ នៅបន្ទប់លេខ៣០៣ សណ្ឋាគារអ៉ីមភឺរៀល ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយកម្លាំងជំនាញឈានដល់ការ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ រួមមាន ៖ ទី១៖ឈ្មោះ Wang Zhao liang អាយុ៣២ឆ្នាំ, ទី២៖ឈ្មោះ Yi ming អាយុ៣៦ឆ្នាំ, ទី៣៖ឈ្មោះ Qao wei hao អាយុ២៨ឆ្នាំ, ទី៤៖ ឈ្មោះ Liv da Meng អាយុ២៨ឆ្នាំ និងទី៥៖ឈ្មោះ Lin Xiao bo អាយុ៣៤ឆ្នាំ។ ក្នុងនោះកម្លាំងជំនាញ រំដោះបានជនរងគ្រោះចំនួន០២នាក់ គឺទី១៖ឈ្មោះ Giong shi Cheng អាយុ៣២ឆ្នាំ និងទី២៖ឈ្មោះ Feng Xiao bo អាយុ៣២ឆ្នាំ ព្រមទាំងសម្ភារដកហូតមួយចំនួន។
បន្ទាប់ពីបញ្ចប់ការសួរនាំ និងកសាងសំណុំរឿងចប់សព្វគ្រប់ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យជនជាតិចិនទាំង៥នាក់នេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕