ឥណ្ឌា​ពន្យារ​ការសាងសង់​ប្រាសាទ​ចម្លង​តែ​អះអាងថា​មិន​ដូច​អង្គរវត្ត​ពិត​របស់​កម្ពុជា​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2015 ក+ ក-

កម្ពុជា​៖មូលនិធិ Mahavir Mandir Trust បានសម្រេច​ផ្អាក​ការសាងសង់​ប្រាសាទអង្គរវត្ត​ចម្លង​នៅ​ប្រទេស​ឥណ្ឌា​សិន បន្ទាប់ពី​ភាគី​កម្ពុជា​បាន​ជំទាស់​ និងរង់ចាំភាពចម្រូងចម្រាស់ត្រូវបានដោះស្រាយហើយរួចរាល់​។

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌា នៅ​ថ្ងៃ​សុក្រ​ទី​០៣ កក្កដា ម្សិលមិញ​នេះ​បាន​ឲ្យ​ដឹងថា មូលនិធិ Mahavir Mandir Trust របស់​ឥណ្ឌា បានសម្រេច​ផ្អាក​គម្រោង​សាងសង់​ប្រាសាទអង្គរវត្ត​ចម្លង ក្រោយពី​មានប្រតិកម្ម​ពី​កម្ពុជា​។ ប៉ុន្តែ​មន្ដ្រី​នៃ​មូលនិធិ Mahavir Mandir Trust បាន​អះអាងថា ប្រាសាទ​ចម្លង​ដែល​គ្រោង​សាងសង់​នៅ​ឥណ្ឌា​មាន​ភាពខុសគ្នា​ពី​ប្រាសាទអង្គរវត្ត​ពិតប្រាកដ​របស់​កម្ពុជា ។ មន្ត្រី​ដដែល​នេះ​បាន​លើកឡើងថា​ខ្លួន​រីករាយ​នឹង​ពន្យល់​បំភ្លឺ​ដល់​មន្ដ្រី​ជំនាញ​នៃ​រដ្ឋាភិបាល​កម្ពុជា​អំពី​ភាពខុសគ្នា​នេះ​។​

​ក្រោយ​ប្រតិកម្ម​របស់​កម្ពុជា ក្រសួងការបរទេស និង​ក្រសួង​វប្បធម៌​ឥណ្ឌា បានស្នើ​ឲ្យ​មូលនិធិ Mahavir Mandir Trust ផ្អាក​ការសាងសង់​ប្រាសាទអង្គរវត្ត​ចម្លង​នៅ​ប្រទេស​ឥណ្ឌា​សិន​។ ការសាងសង់​ប្រាសាទ​ដែល​គ្រោង​ចាប់ផ្ដើម​នៅ​ខែមិថុនា នឹងត្រូវ​ពន្យារពេល រហូត​ទាល់តែ​បញ្ហា​ចម្រូងចម្រាស់​នេះ​ត្រូវបាន​ដោះស្រាយ​រួច​។

លោក Acharya Kishore Kunal អគ្គលេខាធិការ​នៃ​មូលនិធិ Mahavir MandirTrust នៅ​ថ្ងៃ​សុក្រ ទី​០៣ ខែកក្កដា បាន​គូសបញ្ជាក់ថា លោក​គោរព​មនោសញ្ចេតនា​រប​ស់​ប្រជាពលរដ្ឋ​កម្ពុជា​ចំពោះ​ប្រាសាទអង្គរវត្ត ប៉ុន្តែ​លោក​ចង់​ពន្យល់​កម្ពុជា​ថា ប្រាសាទ​ដែល​មូលនិធិ​លោក​គ្រោង​សាងសង់​នោះ មិនមែន​ចម្លង​ទាំងស្រុង​ពី​ប្រាសាទអង្គរវត្ត​នោះទេ​។​

បើតាម​អគ្គលេខាធិការ​រូបនេះ លក្ខណៈ​នៃ​ស្ថាបត្យកម្ម​យ៉ាងហោចណាស់​៦០​ភាគរយ គឺ​មិន​ដូចគ្នា​ទាល់តែសោះ​។ លោក​ថា ប្រាសាទ Viraat Ramayan Mandir ខុសពី​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ព្រោះ​វា​មាន​បែបបទ​ស្ថាបត្យកម្ម​ទាន់សម័យ បង្កប់​ដោយ​លក្ខណៈពិសេស​របស់​ប្រាសាទ​ល្បីៗ​នៅ​ឥណ្ឌា​។​

​នៅ​សប្ដាហ៍​ក្រោយ អគ្គលេខាធិការ​នៃ​មូលនិធិ Mahavir Mandir Trust នឹង​ដឹកនាំ​ក្រុម​ស្ថាបត្យករ​នៃ​ប្រាសាទ​ទៅកាន់​រដ្ឋធានី​ដេលី ដើម្បី​ជួប​ជាមួយ​មន្ដ្រី​រដ្ឋាភិបាល​ក​ម្ពុ​ជា ព្រមទាំង​តំណាង​ក្រសួងការបរទេស និង​ក្រសួង​វប្បធម៌​របស់​ឥណ្ឌា​។​ប៉ុន្តែ​លោក Kunal ចង់​ជួប​ជាមួយ​ក្រុម​ស្ថាបត្យករ​របស់​កម្ពុជា ដែល​អាច​យល់បាន​ពី​បច្ចេកវិទ្យា​នៃ​ការ​រចនា​ប្រាសាទ​។ ព្រោះ​បើតាម​លោក Kunal បញ្ហា​នេះ គឺជា​រឿង​បច្ចេកទេស​សុទ្ធសាធ និង​មិនអាច​ដោះស្រាយ​តាមផ្លូវ​នយោបាយ​ការទូត​នោះទេ​។​

​គួរ​ជម្រាបជូន​ថា គម្រោង​របស់​ឥណ្ឌា​ដែល​ចង់​សាងសង់​ប្រាសាទ​ចម្លង​តាម​ប្រាសាទអង្គរវត្ត បាន​លេចឮ​តាំងពី​ឆ្នាំ​២០១២​មកម្ល៉េះ​។ គម្រោង​ប្រាសាទ​ដំបូង​នោះ ត្រូវបាន​ដាក់ឈ្មោះថា Virat Angkor Wat Ram Mandir ប៉ុន្តែ​ក្រោយមក​បាន​ប្ដូរ​ឈ្មោះ​មកជា Viraat Ramayan Mandir វិញ​។ កាលពី ខែមិថុនា កន្លងទៅ ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​ទៅ​ក្រសួងការបរទេស​ឥណ្ឌា ឲ្យ​មូលនិធិ​ឥណ្ឌា Mahavir Mandir Trust បញ្ឈប់​គម្រោង​សាងសង់​ប្រាសាទ​ដែល​ចម្លង​តាម​ប្រាសាទអង្គរវត្ត​។ រដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​ការសាងសង់​ប្រាសាទ ចម្លង​តាម​ប្រាសាទអង្គរវត្ត ដើម្បី​ផលប្រយោជន៍​ពាណិជ្ជកម្ម​នេះ​ថា គឺជា​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ដល់​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ហើយ​ប្រាសាទអង្គរវត្ត​ជា​និម្មិត​រូប​ថិ​ត​លើ​ទង់ជាតិ​នៃ​ប្រទេស​កម្ពុជា​ទៀតផង​៕

kmno​ប្រសាទ​Viraat Ramayan Mandir ដែល​ឥណ្ឌា​ចម្លង​តាម​ប្រាសាទអង្គរវត្ត​។​

kmnj