ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន២ ដែលមានទឹកប្រាក់សរុប ៦៧,១លានអឺរ៉ូ (ប្រមាណ ៧៤លានដុល្លារអាមេរិក)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច។
កិច្ចព្រមព្រៀងទាំង២រួមមាន ៖ ១. កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការឆ្នាំ២០១៨ អាល្លឺម៉ង់ នឹងផ្តល់ឥណទានសម្បទានចំនួន៣០លានអឺរ៉ូ និងហិរញ្ញប្បទានឥតសំណងចំនួន២លានអឺរ៉ូ សម្រាប់់ហិរញ្ញប្បទានលើគម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ និង២. កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការឆ្នាំ២០១៩ អាល្លឺម៉ង់ នឹងផ្តល់ឥណទានសម្បទានចំនួន ៣០លានអឺរ៉ូ សម្រាប់ហិរញ្ញប្បទានលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា និងហិរញ្ញប្បទានឥតសំណងចំនួន ៥,១លានអឺរ៉ូ សម្រាប់គាំទ្រការធ្វើហិរញ្ញប្បទានលើគម្រោងជាក់លាក់មួយចំនួនទៀត៕