អាមេរិកកាត់បន្ថយការចូលរួមវិភាគទានហិរញ្ញវត្ថុដល់ណាតូ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2019 ក+ ក-

អាមេរិក ៖ ប្រភពមន្រ្តីក្រសួងការពារជាតិ​អាមេរិក បាន​បង្ហើបប្រាប់​ CNN ថា រដ្ឋបាលដូណាល់ ត្រាំ ចង់​កាត់បន្ថយការចំណាយលើ​ NATO ឱ្យនៅសល់ត្រឹម ១៦ភាគរយ​នៃ​វិភាគទានសរុប ដើម្បីឱ្យស្មើប្រហាក់ប្រហែលនឹង​អាល្លឺម៉ង់ ដែល​បាន​ចំណាយ​ប្រហែល ១៤,៨ភាគរយ។ ការ​កាត់​បន្ថយនេះ គឺក្នុងក្តីសង្ឃឹមថា ប្រទេស​ជាសមាជិកផ្សេងទៀត នឹង​បង្កើន​ការចំណាយរបស់ខ្លួនចូលមកក្នុងបក្សសម្ព័ន្ធនេះ។

បច្ចុប្បន្នអាមេរិកបានចូលរួម​ចំណែកប្រហែល២២ភាគរយ នៃ​ថវិកាសរុប​របស់ NATO ដែលរ៉ាប់រង​លើការ​ថែទាំ​​ទីបញ្ជាការកណ្តាល ការ​វិនិយោគ​លើ​សន្តិសុខ​របស់​ខ្លួន និង​ប្រតិបត្តិការយោធារួមគ្នា​មួយចំនួន​ទៀត។

មន្រ្តី​ NATO មួយរូប​បាន​ប្រាប់ CNN ថា «សម្ព័ន្ធមិត្ត​ទាំងអស់បាន​ព្រមព្រៀង​គ្នា​នូវរូបមន្តថ្មីនៃ​ការចូលរួមវិភាគទាននេះ។ ក្នុងនោះប្រទេស​អឺរ៉ុប​ភាគច្រើន​ដែលជាសមាជិក និងកាណាដានឹង​បង្កើន​ការចំណាយ ឯអាមេរិកបន្ថយវិញ។ នេះ​គឺសំខាន់ណាស់​ដែល​បង្ហាញ​ពីការតាំងចិត្ត​របស់​សម្ព័ន្ធមិត្ត​ចំពោះ NATO និង​ការចូលលុយដោយ​យុត្តិធម៌»៕