ខេត្តកណ្តាល ៖ អ្នកបើកបរបុកមន្ដ្រីនគរបាលចរាចរណ៍ម្នាក់ ពេលកំពុងឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានបងស្រីនាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីអនុវត្តតាមផ្លូវច្បាប់នៅវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដើម្បីទទួលទោសតាមផ្លូវច្បាប់ ក្រោយបើករថយន្ដបុកមន្ដ្រីនគរបាលបណ្ដាលឲ្យរងរបួស។ នេះបើការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល។
លោកស្នងការខេត្តបន្តថា រហូតមកដល់ពេលនេះ មន្ដ្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រោមការសម្របសម្រួលពីតំណាងអយ្យការ កំពុងសួរនាំជនបង្ក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ លោកស្នងការនគរបាលខេត្តកណ្តាលបានបញ្ជាក់ថា អ្នកបើករថយន្តមានឈ្មោះ សំណាន សំណាង អាយុ៣៣ឆ្នាំ មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល។
សូមរំលឹកថា កាលពីវេលាម៉ោង២០ និង១០នាទីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចភ្លើងស្តុបស្ពានព្រែកហូរ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល រថយន្តតាកូម៉ាមួយគ្រឿងបើកបរ ដោយជនមិនស្គាល់អត្តសញ្ញាណបានបើកបំបុក មន្ត្រីនគរបាលចរាចរណ៍ខេត្តកណ្តាលម្នាក់ កំពុងឈរបញ្ជាចរាចរណ៍លើដងផ្លូវ បណ្តាលឲ្យរងរបួសបាក់ជើងទាំងសង្ខាង និងបាក់ឆ្អឹងកង្កេះ ស្រាំលលាដ៏កកឈាមក្នុងខួរក្បាលយ៉ាងធ្ងន់ធ្ងរ។ ក្រោយមានហេតុការណ៍កើតឡើង ជនបង្កបានព្យាយាមបើករថយន្តយកទៅប្លុងចោលរួចគេចខ្លួនបាត់។
មន្ត្រីនគរបាលចរាចរណ៍ដែលត្រូវរថយន្តបើកបុកពេលបំពេញការងារនោះឈ្មោះ ទូច សៅហេង មានតួនាទីជា នាយរងផ្នែក មានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក។ ចំណែកឯរថយន្តបង្កម៉ាកតូយូតា តាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2S-3669 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ។
លោក ឆេង សំអឿន នាយការិយាល័យចរាចរណ៍ជើងគោកបានឲ្យដឹងថាលោកទូក សៅហេង និងមន្ត្រីនគរបាលចរាចរណ៍៥រូបទៀត ត្រូវបានចាត់អោយឈរជើងនៅគោលដៅស្តុបស្ពានព្រែកហូរ លើកំណាត់ផ្លូវជាតិលេខ២ ដើម្បី សម្រួលចរាចរណ៍នៅទីនោះ។ នៅមុនពេលកើតហេតុ លោក ទូច សៅហេង បានចេញឈរបញ្ជាចរាចរណ៍ដោយបានបញ្ជាអោយរថយន្តតាកូម៉ាមួយគ្រឿងឈប់ មិនត្រឹមតែមិនស្តាប់តាមការបញ្ជាអ្នកបើកបរដែលមានចរិកសាហាវព្រៃផ្សៃរូបនេះបានជាន់ហ្គាបន្ថែមល្បឿនបំបុកមន្ត្រីនគរបាលទាំងកំរោលបណ្តាលឲ្យប៉ើងខ្ទាតប្រមាណ៥ទៅ៦ម៉ែត្រ ធ្វើឲ្យមន្ត្រីនគរបាលរងរបួសយ៉ាងធ្ងន់ធ្ងរ។ ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបង្កបានបើកគេចពីចំណុចកើតហេតុយករថយន្តទៅប្លុងចោល ត្រូវបានសមត្ថកិច្ចហៅរថយន្តស្ទូចៗយកទៅរក្សាទុក ដើម្បីចាត់ការតាមច្បាប់។
លោកនាយការិយាល័យបានបញ្ជាក់ថា ចំពោះលោកទូចសៅហេង ក្រោយពីពិនិត្យក្រុមគ្រូពេទ្យបានបញ្ជាក់ថា លោកទទួលរងរបួសបាក់ជើងទាំងសងខាងបាក់ឆ្អឹងចង្កេះ និងស្រាំលលាដ៍ កកឈាមក្នុងខួរក្បាលទៀតផងបច្ចុប្បន្ន កំពុងសង្គ្រោះ៕