កណ្តាល ៖ បុរសជាភ្ញៀវក្នុងពិធីខួប កំណើតម្នាក់ ត្រូវភ្ញៀវម្នាក់ទៀតបាញ់ដោយកាំភ្លើងម៉ាកឡុកចំនួន១៥គ្រាប់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារមានទំនាស់ពាក្យសំដីនៅក្នុងពិធីខួបកំណើតចៅរបស់ម្ចាស់ផ្ទះដែលបរិយាកាសកំពុងតែថិតក្នុងភាពសប្បាយរីករាយ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណ១០យប់ថ្ងៃទី០៤កក្កដា នៅក្នុងភូមិគោកពពេល ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
កំណត់ហេតុរបស់ប៉ូលីសស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រី ចាន់វុទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិឃុំកើតហេតុ ជាកសិករ។ ចំណែកជនដៃដល់ឈ្មោះ ទឹម សារី ភេទប្រុស អាយុ៣៥ឆ្នាំ ជាអង្គរក្សរបស់អ្នកធំម្នាក់(សុំមិនបញ្ជាក់អត្តសញ្ញាណ) ទីកន្លែងកំណើត ភូមិកាប់នឹម ឃុំឃ្វាវ ស្រុកសំរោង ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ភូមិគោកពពេល ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ជិះម៉ូតូ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ មិនចាំស្លាកលេខ បានរត់គេចខ្លួន។ សមត្ថកិច្ចដកហូតបានអាវុធខ្លី ១ដើម ម៉ាក CF.98-9 សំបកកាទូស ១៣គ្រាប់ បង់១ អស់គ្រាប់។
សាក្សីបានបញ្ជាក់ពីដំណើររឿងប្រាប់សមត្ថកិច្ចថា នៅកន្លែងកើតហេតុជនរងគ្រោះ និងជនល្មើស បានអង្គុយផឹកស្រាបៀរកម្ពុជាជាមួយគ្នានៅក្នុងពិធីខួបកំណើតចៅរបស់ម្ចាស់ផ្ទះឈ្មោះ សៀង ចាន់ធី ភេទស្រី ។ពិធីនេះមានភ្ញៀវ ជាបងប្អូន កូនក្មួយ សាច់ញាតិជិតខាងក្នុងភូមិចូលរួមប្រហែល៣០នាក់។ប្រភពបន្តថា នៅពេលកំពុងហូបចុករហូតដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែបុរសទាំងពីរកើតមានទំនាស់ពាក្យសំដីជាមួយគ្នា ។បន្ទាប់មក គេឃើញជនដៃដល់បានដកកាំភ្លើងម៉ាកឡុកបាញ់សំដៅទៅលើជនរងគ្រោះជាច្រើនគ្រាប់បណ្តាលឲ្យដេកដួលស្លាប់ក្នុងថ្លុកឈាម បង្កឲ្យពិធីដែលកំពុងតែសប្បាយរីករាយបែរជាផ្អើលឆោឡោឡើងតែម្តង។
ជនរងគ្រោះមានស្នាមធ្លុះចំនួន ១៥ កន្លែងៈ ១.ចំដើមទ្រូងចំនួន ១កន្លែង ២.ចំក្រោមក្លៀកខាងធ្វេងចំនួន ២កន្លែង ៣.ចំពោះចំនួន ៤កន្លែង ៤.ចំក្រោមដោះខាងស្តាំចំនួន៣កន្លែង ៥.ចំជង្គង់ស្តាំចំនួន ៣កន្លែង ៦.ចំជង្គង់ធ្វេងចំនួន ២កន្លែង។
សមត្ថកិច្ចបានអះអាងថា កំពុងស្រាវជ្រាវតាមរកចាប់ខ្លួនជនដៃដល់ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ ចំណែកសាកសពបានប្រគល់ទៅឲ្យសាច់ញាតិនាំយកទៅធ្វើបុណ្យនៅគេហដ្ឋានរបស់ខ្លួនតាមគន្លងប្រពៃណី៕ដោយ៖រដ្ឋា