ភ្នំពេញ ៖ ជប៉ុនផ្ដល់ថវិកាជិត ៤៤ម៉ឺនដុល្លារអាមេរិក សម្រាប់គម្រោងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ តាម រយៈការបោសសម្ពាតមីន គាំទ្រកិច្ចសហប្រតិបត្តិការ កសិកម្ម និងការពង្រឹងការថែទាំសុខភាព ប្រជាពលរដ្ឋក្នុងសហគមន៍។រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកា សរុបចំនួន ៤៣៩.២៦១ ដុល្លារអាមេរិក ដល់អង្គការ IVY ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។
កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៩ ខែវិច្ឆិកា នេះ ដោយ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និង លោកស្រី ឈឺហូកុ សាំហ្សឹះស៊ីម៉ាក ជំនួយការនាយកនៃអង្គការ IVY ដើម្បីអនុវត្តគម្រោង”គាំទ្រ កសិករខ្នាតតួច ធ្វើកសិកម្មតាមកិច្ចសន្យាលើដំណាំស្វាយចន្ទីសរីរាង្គ តាមរយៈសហគមន៍កសិកម្ម ឆ្នាំទី២។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងឱ្យដឹងថា សព្វថ្ងៃ ផលិតផលកសិកម្ម សរីរាង្គ កាន់តែមាន ប្រជា ប្រិយភាពនៅលើទីផ្សារហើយផលិតផលទាំងនោះ ត្រូវបានលក់ក្នុងតម្លៃខ្ពស់។ ក្នុងគម្រោង នេះ អង្គការ IVY នឹងគាំទ្រដល់កសិករនិងសហគមន៍ កសិកម្មក្នុងស្រុក (AC) ក្នុងខេត្តព្រះវិហារ ដូច្នេះកសិករអាចផលិត និងលក់គ្រាប់ស្វាយចន្ទសរីរាង្គដែលមានតម្លៃបន្ថែម និងទទួលបានប្រាក់ ចំណូលបន្ថែមទៀត ដើម្បីគេចផុតពីភាពក្រីក្រ។
លោក ឯកអគ្គរាជទូតបញ្ជាក់ថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅ រដ្ឋាភិ បាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គការ ក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជា ឡើង វិញ នៅតាមកម្រិតមូលដ្ឋាន ។
ចាប់តាំងពីឆ្នាំ២០០២ មករដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៣៧ លានដុល្លារអាមេរិក ដល់គម្រាងចំនួន ១២២ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំ នៅកម្រិត មូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសំអាតមីនក្នុងប្រទេសកម្ពុជា៕