បាត់ដំបង ៖ ប្រជាពលរដ្ឋដាំបន្លែសាឡាត់ លក់គ្រប់រដូវកាល ស្ថិតក្នុងភូមិសំរោងស្នោ ឃុំសំរោង ស្រុក ឯកភ្នំ ខេត្តបាត់ដំបង បានស្នើសុំមន្ត្រីជំនាញអង្គការដៃគូជួយបង្រៀនវិធីបង្ការ ឬការពារព្យាបាលជំងឺ ដែលកើតឡើងលើបន្លែសាឡាត់ និងសុំជួយបង្រៀនពីវិធី ឬបច្ចេកទេសនៃការដាំសាឡាត់ ឲ្យមាន លក្ខណៈស្ដង់ដារដោយសារពួកគាត់មានបំណងចង់ពង្រីកការដាំដុះដើម្បីទទួលបានផលច្រើនសម្រាប់យកទៅផ្គត់ផ្គង់នៅតាមទីផ្សារនានាទូទាំងប្រទេស ក៏ដូចជាអភិវឌ្ឍន៍ភូមិឋានឲ្យក្លាយទៅជាភូមិមួយ ផលិតផលមួយផងដែរ។
ប្រជាពលរដ្ឋដាំបន្លែសាឡាត់លក់ បានប្រាប់ឲ្យដឹងថា ក្នុងតំបន់របស់ពួកគាត់ មានប្រជាពល រដ្ឋជាច្រើនគ្រួសារក្រៅពីធ្វើស្រែ បាននាំគ្នាដាំបន្លែជាលក្ខណៈវិលជុំ លក់ជាច្រើនប្រភេទ ពិសេស ដំណាំ បន្លែសាឡាត់ ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារធ្វើឲ្យជីវភាព កាន់តែល្អប្រសើ រឡើង។ បន្លែប្រភេទសាឡាត់ នេះ ស្រួលដាំជាងបន្លែមួយចំនួន ព្រោះមិនសូវមានរោគយារយី ឬសត្វ ល្អិតធ្វើទុក្ខ ដោយនៅពេលជួបបញ្ហាម្ដងៗ ងាយរកថ្នាំការពារ ឬបង្ការ ធុននឹងកម្ដៅ ធុននឹងទឹកភ្លៀង ធ្លាក់ជោគជាំ មិនងាយខូច ហើយពេលវេលានៃការដាំរយៈពេលតែ ១ខែកន្លះ អាចប្រមូលផលបាន ហើយមានទីផ្សារល្អច្រើន ប៉ុន្តែតម្លៃឡើងចុះទៅតាមរដូវកាល។ក្នុងមួយឆ្នាំៗ បើមានផ្ទៃដីត្រឹមប្រមាណ ១រ៉ៃ(៤០ម៉ែត្រគុណ៤០ម៉ែត្រ) អាចរកចំណូលបានប្រាក់ជាង ១០លានរៀល។
ប្រជាពលរដ្ឋដាំបន្លែ បានស្នើសុំមន្ត្រីជំនាញ អង្គការដៃគូ ជួយបង្រៀនវិធីបង្ការ ឬការពារ ព្យាបាល ជំងឺដែលកើតឡើងលើបន្លែសាឡាត់ នេះ ក្នុងនោះមានប្រភេទជំងឺ ក្រាស៊ី ដែលពិបាកក្នុងការព្យាបាល ជាងគេ។ ម្យ៉ាងទៀត សុំឲ្យជួយបង្រៀនបច្ចេកទេសជំនាញដាំសាឡាត់ ដែលមានលក្ខណៈស្ដង់ដារ អាចផ្តល់លទ្ធផលខ្ពស់។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅភូមិសំរោងស្នោ នេះ ក្រៅពីដាំបន្លែសាឡាត់ មានពលរដ្ឋដាំបន្លែស្ពៃ ស្ពៃផ្កា ឬដើមខាត់ណា ម្ទេស ននោង ត្រសក់ផងដែរ ខណៈពេលរាជរដ្ឋាភិ បាល កំពុងធ្វើការស្ដារប្រឡាយទឹក ដែលបំបែកចេញពីដងស្ទឹងសង្កែ នៅក្នុងតំបន់នោះ ដើម្បីបានជា ប្រយោជន៍ដល់កសិករអាចធ្វើស្រែបានចាប់ពី ២ ទៅ ៣ដង ក្នុងមួយឆ្នាំ ហើយអាចទាញយកទឹកមក ស្រោចស្របដំណាំផ្សេងៗផងដែរ ៕