វាយប្រហារនៅលើស្ពានដ៏ល្បីឈ្មោះមួយក្នុងក្រុងឡុងដ៍ សម្លាប់មនុស្ស២នាក់ និង៣នាក់រងរបួស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2019 ក+ ក-

ឡុងដ៍ ៖ មនុស្ស២នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសក្នុងករណីវាយប្រហារភេរវកម្មនៅលើស្ពានដ៏ល្បីឈ្មោះមួយប្រចាំទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ខណៈដែលជនដៃដល់ដែលត្រូវប៉ូលិសបាញ់នោះ ក៏បានស្លាប់ដែរ។ នេះបើតាមសារព័ត៌មាន BBC។

ប៉ូលិសអង់គ្លេសបាននិយាយថា ជនដៃដល់ដែលបានធ្វើសកម្មភាពចាក់មនុស្ស កាលពីរសៀលថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលាក្នុងទីក្រុងឡុងដ៍) នៅលើស្ពាន London Bridge នោះមានឈ្មោះ យូសមែន ខាន់ (Usman Khan) អាយុ ២៨ឆ្នាំ គឺជាអតីតអ្នកទោសពាក់ព័ន្ធបទល្មើសភេរវកម្ម ដែលទើបត្រូវបានដោះលែង តែស្ថិតក្រោមការតាមដានកាលពីចុងឆ្នាំមុន។ ជនដៃដល់រូបនោះត្រូវបានអាជ្ញាធរអង់គ្លេសបាញ់ស្លាប់ បន្ទាប់ពីត្រូវមហាជនព្រួតគ្នាបញ្ឈប់សកម្មភាព ហើយប៉ូលិសទីក្រុងឡុងដ៍ បានប្រកាសករណីវាយប្រហារនេះថា ជាហេតុការណ៍ភេរវកម្ម។

ដោយឡែកនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បាននិយាយថា វត្តមានប៉ូលិសល្បាតនៅតាមដងផ្លូវនឹងត្រូវបង្កើន ដើម្បីឆ្លើយតបចំពោះករណីវាយប្រហារខាងលើ។ បើតាមប៉ូលិសអង់គ្លេស កំឡុងដំណាក់កាលស៊ើបអង្កេតជំហានបឋមនេះ ពុំមានជនណាផ្សេងទៀត ដែលជាមុខសញ្ញាសង្ស័យ ពាក់ព័ន្ធករណីភេវកម្មនេះឡើយ៕