ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នាព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងឱកាសប្រារព្ធមិទ្ទីញ មហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជានៅសាលសន្និសីទចតុម្មុខ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសង្កត់ធ្ងន់ថារណសិរ្ស ២ធ្នូ បានរំដោះ និងសង្គ្រោះជីវិតយើងទំាងអស់គ្នា និងបានស្ដារ កសាង និងអភិវឌ្ឍន៍សង្គមជាតិ នៅគ្រប់ទិសទី ធ្វើឱ្យមាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មី ជាបន្ដបន្ទាប់។ «រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» មានឈ្មោះដើមថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានបង្កើតឡើងនៅថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជំនះដ៏ត្រចះត្រចង់នាថ្ងៃ៧មករា ឆ្នាំ១៩៧៩។
សម្តេចបានគូសបញ្ជាក់ថា បច្ចុប្បន្ន គេអាចមើលឃើញផ្ទាល់ភ្នែកនូវសមិទ្ធផលលើគ្រប់វិស័យដ៏ច្រើនសេ្អកស្កះនៅគ្រប់ទិសទី ដែលកើតចេញពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវនាវដល់សមាជិក សមាជិកា យុវជនជំនាន់ក្រោយទំាងអស់លើកកម្ពស់ស្មារតីថែរក្សា សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីសេ្នហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាជន ហើយខិតខំបពោ្ចញអស់កម្លាំងកាយចិត្ដ ក្នុងការបម្រើប្រទេសជាតិ តាមមាគ៌ានយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល៕